នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ នៅអាជ្ញាធរទន្លេសាប មានកិច្ចប្រជុំពិភាក្សាក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ស្ថិតក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប និងខេត្តកំពង់ធំ) ដឹកនាំដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប និងមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ ដែលជាក្រុមការងារ សរុបចំនួន ២៧រូប ។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សា ទៅលើ ៖
១. ផែនទីតំបន់៣ ទំហំផ្ទៃដីដែលបានកាត់ឆ្វៀលទៅជាតំបន់ ២ និងតំបន់ ១ ។
២. វិធីសាស្ត្រចុះសិក្សាតាមដានត្រួតពិនិត្យ និងស្រង់ទិន្នន័យ-ព័ត៌មានពាក់ព័ន្ធនឹងតំបន់ ៣ តំបន់ ២ និងតំបន់ ១ បន្ទាប់ពីការកាត់ឆ្វៀល។
៣. ទម្រង់របាយការណ៍លទ្ធផលបន្ទាប់ពីចុះសិក្សាតាមដានត្រួតពិនិត្យរបស់ក្រុមការងារតាមតំបន់នីមួយៗក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ដើម្បីបូកសរុប និងរាយការណ៍ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច
៤. នីតិវិធីចុះផ្សព្វផ្សាយ ណែនាំ អំពីច្បាប់ បទដ្ឋានគតិយុត្ត ព័ត៌មាន គោលនយោបាយ និងចំណេះដឹងពាក់ព័ន្ធ ដល់ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន ស្ថិតក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ។
សូមបញ្ជាក់ជូនថា អាជ្ញាធរទន្លេសាប បានបង្កើតក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកស្ថិតក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប និងខេត្តកំពង់ធំ) ដែលរាជរដ្ឋាភិបាលបានឆ្វៀលចេញពីដែនព្រៃលិចតំបន់៣ មកតំបន់ ២ និងពីតំបន់២ មកតំបន់ ១ នៃអនុក្រឹត លេខ ១៩៧ អនក្រ.បកចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១១ ដែលមានដែនទំហំ ៦៤៧,៤០៦ហិកតា ជូនប្រជាពលរដ្ឋ អាស្រ័យផល និងតាំងទីលំនៅ ។ ក្រុមការងារ បាន និងកំពុងបន្តអនុវត្តន៍តួនាទីភារកិច្ច ក្នុងការប្រមូលផ្ទៀងផ្ទាត់ទិន្នន័យ ព័ត៌មានជាក់លាក់ ដើម្បីពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិនៃខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប និងធ្វើការផ្សព្វផ្សាយបង្កើនការយល់ដឹងពីសារប្រយោជន៍ធនធានធម្មជាតិ និងចូលរួមកិច្ចការការពារ ធនធានធម្មជាតិបឹងទន្លេសាបប្រកបដោយចីរភាព ។