នៅថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០២៣ មន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ដឹកនាំដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន បានបន្តចុះសិក្សាស្វែងយល់ពីនិរន្តរភាពសហគមន៍ជុំវិញបឹងទន្លេសាប ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងពិគ្រោះយោបល់ប្រាស្រ័យទាក់ទង និងចែករំលែកការយល់ដឹងជាមួយ environmental think tanks និងសម្រប សម្រួលទំនាក់ទំនងបណ្តាញការងារ think tanks ស្ថិតនៅក្នុងឃុំតាប៉ុន ស្រុកសង្កែ និងឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
ការសិក្សានេះ ក្រុមការងារស្រាវជ្រាវបាន៖
១. ជួបពិភាក្សាការងារជាមួយអាជ្ញាធរដែនដី និងសហគមន៍នេសាទស្វាយស សហគមន៍បឹងទឹម សហគមន៍បាសែត និងសហគមន៍ម៉ាណោក-សួស្តី
២. ជួបជាមួយប្រជាពលរដ្ឋ ពីស្ថានភាពទូទៅពាក់ព័ន្ធនឹងជីវភាពរស់នៅ និងធនធាននៅក្នុងតំបន់។
ជាមួយនឹងសកម្មភាពនេះដែរ ការសិក្សានៅតំបន់ពាក់ព័ន្ធខាងលើ ទទួលបានលទ្ធផល ដូចខាងក្រោម៖
ទី១. មុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋក្នុងតំបន់សិក្សារួមមាន ធ្វើស្រែវស្សា- ស្រែប្រាំងប្រមាណ ៨០%, អ្នកលក់ដូរនៅតាមផ្ទះ, នេសាទត្រី, ចំណាកស្រុក ធ្វើសំណង់ និងសុីឈ្នួលវិស័យកសិកម្ម, រោងចក្រកាត់ដេរ និងចិញ្ចឹមសត្វគោ ក្របី មាន់ ទា ជាដើម ។
ទី២. សហគមន៍នេសាទទាំងនេះទទួលបានការគាំទ្រតិចតួចប៉ុណ្ណោះពីអង្គការដៃគូតាមរយ:រដ្ឋបាលជលផលសម្រាប់ការងារចុះល្បាត និងបង្ក្រាបបទល្មើស ។ រីឯអង្គការដៃគូមួយចំនួនទៀតដែលធ្លាប់បានគាំទ្រកន្លងមកបានបញ្ចប់គម្រោងរបស់ពួកគេ ។ ដូច្នេះ សហគមន៍នេសាទទាំងបីខាងលើ បាន និងកំពុងជួបនឹងបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តការងាររបស់ខ្លួនក្នុងការអភិរក្សធនធានធម្មជាតិ ។
ទី៣. ធនធានត្រីថយចុះ បើប្រៀបធៀបនឹង ៤-៥ឆ្នាំមុន ដោយសារមានកត្តាមួយចំនួន ការប្រើជី ថ្នាំកសិកម្ម ការបាត់បង់ព្រៃលិចទឹក បទល្មើសប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងការគោករាក់ព្រែក បឹងផ្សេងៗ ។
សូមជម្រាបជូនថា : សកម្មភាពសិក្សាស្វែងយល់ពីនិរន្តរភាពសហគមន៍ជុំវិញបឹងទន្លេសាប ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងពិគ្រោះយោបល់ ប្រាស្រ័យទាក់ទង និងចែករំលែកការយល់ដឹងជាមួយ environmental think tanks និង សម្របសម្រួលទំនាក់ ទំនងបណ្តាញការងារ think tanks មានគោលបំណងដើម្បី ៖
- ពិគ្រោះយោបល់ និងសិក្សាស្វែងយល់ ដើម្បីប្រមូលចងក្រងរាល់ព័ត៌មានទិន្នន័យ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានកម្របឹងទន្លេសាប ។
- ចែករំលែកការយល់ដឹងពីហេតុផលប៉ះពាល់ និងការផ្តួចផ្តើមគំនិតក្នុងការការពារធនធានកម្រនៃបឹងទន្លេសាប ។
- ចងក្រងបណ្តាញទំនាក់ទំនងជាមួយ environmental think tanks ក្នុងកិច្ចសហប្រតិបត្តិ ការចែករំលែកព័ត៌មានទិន្នន័យក្នុងការចូលរួមដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានកម្របឹងទន្លេសាប ។