រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការ ធ្វើអាជីវកម្ម និងអភិរក្ស និងកញ្ញា ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិ ស្តីពីលទ្ធផលនៃការវាយតម្លៃតម្រូវការសមត្ថភាព និងសេចក្តីព្រាងផែនការពង្រឹង សមត្ថភាព សម្រាប់ការគ្រប់គ្រងបណ្តាញតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ ក្រោមអធិបតីភាព ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គជទមក)។ សមាសភាពចូលរួមសិក្ខាសាលា អញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម, រដ្ឋបាលជលផល, អាជ្ញាធរទន្លេសាប, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC), គណៈកម្មការទន្លេមេគង្គ (MRC) និងក្រុម GIZ។
សិក្ខាសាលា បានពិភាក្សាពិគ្រោះយោបល់ បានផ្តោតសំខាន់លើ៖
១. តម្រូវការសមត្ថភាព និងអាទិភាពនៃអ្នកពាក់ព័ន្ធលើលទ្ធផលនៃការវាយតម្លៃ
២. ស្ថាប័នណាខ្លះគួរអនុវត្តន៍ និងចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងគួរទទួលបានការបណ្តុះបណ្តាលអ្វី
៣. ពិភាក្សាលើបញ្ហាប៉ារ៉ាម៉ែត្រតាមផ្នែកនីមួយៗពាក់ព័ន្ធនឹង ផ្នែកជលសាស្ត្រ, ផ្នែក Fisheries, ផ្នែក Sediments, Water Quality, Ecological Health និងយេនឌ័រ និងបរិយាបន្នលើវិធីសាស្ត្រសម្រាប់ផែនការសកម្មភាពអភិវឌ្ឍន៍សមត្ថភាព (CDAP) និងការដាក់ពិន្ទុក្នុងការធ្វើចំណាត់ថ្នាក់អាទិភាពសម្រាប់ការគ្រប់គ្រងបណ្តាញតាមដានទន្លេមេគង្គឆ្លងដែនរបស់ MRC ។
សូមបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណង ដើម្បី ៖
- ដើម្បីបង្ហាញលទ្ធផលនៃការវាយតម្លៃតម្រូវការសមត្ថភាព (CNA) និងដើម្បីបញ្ជាក់ឡើងវិញនូវតម្រូវការសមត្ថភាព និងចន្លោះខ្វះខាតដែលកំណត់ដោយថ្នាក់ជាតិ ។
- ដើម្បីបង្ហាញនិងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពអភិវឌ្ឍន៍សមត្ថភាព (CDAP) ។
- ដើម្បីទទួលបានមតិកែលម្អ និងអនុសាសន៍ពីប្រទេសសមាជិកចំពោះ (CDAP) ដែលបានធ្វើបច្ចុប្បន្នភាព។