លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមមន្ត្រី​ក្នុង​នាយកដ្ឋាន បន្ត​ចុះ​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ប្រជា​សហគមន៍​នេសាទ នៅ​ខេត្តបាត់ដំបង​

​នា​ថ្ងៃ​អង្គារ ៩​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម របស់​ប្រជា​សហគមន៍​នេសាទ ជំហាន​១ នៅ​ខេត្តបាត់ដំបង ។​

 ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ  និង​អាជ្ញាធរ​មូលដ្ឋាន ដូចជា មន្ទីរ​ផែនការ ខេត្តបាត់ដំបង អាជ្ញាធរ​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ និង​ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ។​

​ជាមួយនឹង​ការសិក្សា​ខាងលើ ជា​លទ្ធផល​បឋម បានបង្ហាញ​ឃើញថា ៖ 
ក​. ប្រជាសាស្ត្រ​៖ មានគ្រួសារ​សរុប​ចំនួន ៦,០៨៤​គ្រួសារ ស្មើ ២៦,៤៦៧​នាក់ (​ស្រី ១២,៨២០​នាក់​) ប្រជាពលរដ្ឋ ១៨​ឆ្នាំ​ឡើង ១៦,៩១៥​នាក់ (​ស្រី ៧,៦៧០​នាក់​)​។ អត្រា​ភាពក្រីក្រ​ប្រមាណ ២៣% ធៀប​ទៅនឹង​គ្រួសារ​សរុប និង​ពលរដ្ឋ​ចំណាកស្រុក​ក្នុង​-​ក្រៅប្រទេស​មាន​ប្រមាណ​ជា ១៦.៩% ។​

​ខ​. ស្ថានភាព​សេដ្ឋកិច្ចសង្គម​៖- ប្រជា​សហគមន៍​ឃុំ​ទាំងពីរ ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ជា​ចម្បង មាន​ប្រមាណ ៧៤.៩% ដែល​ភាគច្រើន​ធ្វើ​ស្រូវវស្សា ស្រូវប្រាំង និង​ដំណាំ​រួមផ្សំ​។ មុខរបរ​ចម្បង​ផ្នែក​វិស័យ​សិប្បកម្ម ០.២៥% និង​សេវាកម្ម មាន​ប្រមាណ​ជា ២៤.៨៥% (​លក់ដូរ​និង​ជំនួញ ជាង​ជួសជុល ដឹកជញ្ជូន ស៊ីឈ្នួល​ក្នុង​វិស័យ​កសិកម្ម កម្មករសំណង់ កម្មករ​រោងចក្រ បុគ្គលិក​អង្គការ និង​មន្ត្រីរាជការ​) ។​
- ប្រជាពលរដ្ឋ​ទទួលបាន​សេវា​សុខភាព​ល្អប្រសើរ​មាន​ប្រមាណ​ជា ៩៥% បានទទួល​សេវា​នៅ មណ្ឌល​សុខភាព និង​ក្រៅពីនេះ ពួកគេ​ទៅ​ទទួល​សេវា​សុខភាព​ឯកជន និង​មន្ទីរពេទ្យ​ខេត្ត​។​
- ប្រជា​សហគមន៍​ឃុំ​ទាំងពីរ មាន​ទឹកស្អាត​ប្រើប្រាស់​១០០% ក្នុងនោះ​មាន​ប្រព័ន្ធ​ទឹកស្អាត​មាន​ប្រមាណ ៥៩.២% និង​មានតែ ៤០.៨% ប្រើប្រាស់​ទឹកស្រះ ទន្លេ អណ្តូង​។ ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ​មានការ​យល់ដឹង​បរិភោគ​ទឹកស្អាត និង​ដាំ​ចម្អិន​ដាំ​ឆ្អិន ដែលមាន​គ្រួសារ​ទទួល​ទាន​ទឹក​ឆ្លងកាត់​ប្រព័ន្ធ​ទឹកស្អាត មាន​ប្រមាណ ៧៥.៧៩% ក្រៅពីនេះ ប្រើប្រាស់​ទឹក​ដាំ​ពុះ និង​ទឹក​សុទ្ធ​។ ការប្រើប្រាស់​បង្គន់​អនាម័យ មាន​ចំនួន ៧៦.៨៥% ប៉ុន្តែ​មានតែ ៧២.៧% មាន​បង្គន់​អនាម័យ​ស្តង់ដារ ។​
​គ​. បរិស្ថាន​ធនធានធម្មជាតិ​៖ បម្រែបម្រួល​អាកាសធាតុ​ពីមួយ​ឆ្នាំទៅ​ឆ្នាំ បាន​បង្ក​ទៅជា​គ្រោះមហន្តរាយ​ផ្សេងៗ (​គ្រោះរាំងស្ងួត គ្រោះទឹកជំនន់​...) ការប្រើប្រាស់​ជី​/​ថ្នាំ​គីមី​ក្នុង​វិស័យ​កសិកម្ម បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ ជាមួយគ្នានេះ​សកម្មភាព​លបលួច​ទន្ទ្រាន​ព្រៃ​លិច​ទឹក​នៅតែមាន និង​កត្តា​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​តាម​រូបភាព ដុត​រក​សត្វ​(​ឃ្មុំ និង​អណ្តើក​) ជាដើម​។ សកម្មភាព​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅតែមាន​ក្នុងភូមិ​សាស្ត្រ​ឃុំ​ទាំងពីរ ។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ប្រជា​សហគមន៍​នេសាទ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប មាន​គោលបំណង ដើម្បី​ស្វែងយល់​៖
១. ស្ថានភាព​សេដ្ឋកិច្ចសង្គម​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​នេសាទ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​
២. ការប្រមូល​ចងក្រង​បច្ចុប្បន្នភាព​ទិន្នន័យ​-​ព័ត៌មាន សម្រាប់​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​ឯក​សារ​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​សម្រាប់​ចូលរួម​ដល់​ការគ្រប់គ្រង​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ។​