លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​ការចាត់​អាទិភាព​របាំង​ត្រី និង​ការតាមដាន​ផ្លូវ​ត្រី នៅ​ខេត្តកំពង់ធំ

​ថ្ងៃ​សុក្រ ១២​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​ការចាត់​អាទិភាព​របាំង​ត្រី និង​ការតាមដាន​ផ្លូវ​ត្រី ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។​

​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​គឺ​ដើម្បី​៖ 
១. ពិភាក្សា​សេចក្តីព្រាង​ឯកសារ​របាយការណ៍​ស្តីពី​ការចាត់​អាទិភាព​របាំង​ត្រី និង​ការតាមដាន​ផ្លូវ​ត្រី​។​
២. ស្វែងរក​មតិយោបល់ ដើម្បី​កែសម្រួល​សេចក្តីព្រាង​ឯកសារ​របាយការណ៍​ចុងក្រោយ ស្តីពី​ការចាត់​អាទិភាព​របាំង​ត្រី​សម្រាប់​ការវិនិយោគ​ក្នុងការ​សាងសង់​សំណង់​ជណ្តើរ​ត្រី​នៅក្នុង​ឆ្នាំ​២០២៤ និង​សកម្មភាព​ត្រួតពិនិត្យ​ផ្លូវ​ត្រី ។​

​សូម​ជម្រាបជូន​ថា ៖ សិក្ខាសាលា​ថ្នាក់ជាតិ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​) ដោយមាន​ការអញ្ជើញ​ចូលរួម​មកពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (​រដ្ឋបាល​ជលផល​), ក្រសួងបរិស្ថាន​, ក្រសួង​រ៉ែ និង​ថាមពល​, ក្រសួង​អភិវឌ្ឍន៍ជនបទ​, អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ពី គ​.​ជ​.​ទ​.​ម​.​ក និង​ជំនាញការ​ជាតិ សរុប​អ្នកចូលរួម​ចំនួន ២០ រូប​។