លោក អ៉ី ពុទ្ធា​លី អនុប្រធាន​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​របាយការណ៍​គុណភាព​ទឹក​ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​កំពង់ធំ​ផា​លេស ខេត្តកំពង់ធំ

​នៅ​ថ្ងៃ​ចន្ទ ១​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក អ៉ី ពុទ្ធា​លី អនុប្រធាន​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ របស់​អាជ្ញាធរ​ទន្លេសាប ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​របាយការណ៍​គុណភាព​ទឹក​ឆ្នាំ​២០២២  ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។​

​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ ដើម្បី​៖ 
១. ជម្រាបជូន​អំពី​របាយការណ៍​ស្ថានភាព​តាមដាន​គុណភាព​ទឹក​ឆ្នាំ​២០២២ ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​។​
២. ពង្រីក​ការយល់ដឹង​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​អំពី​ការតាមដាន​គុណភាព​ទឹក​របស់ MRC​។​
៣. ជម្រុញ​ការយល់ដឹង​អំពី​សមិទ្ធផល​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ការប្រើប្រាស់​ផលិតផល​របស់ MRC​។​

​សូម​ជម្រាបជូន​ថា ៖ សិក្ខាសាលា​ថ្នាក់ជាតិ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​) ដោយមាន​ការអញ្ជើញ​ចូលរួម​មកពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (​រដ្ឋបាល​ជលផល​), ក្រសួងបរិស្ថាន​, អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ពី គ​.​ជ​.​ទ​.​ម​.​ក និង​ជំនាញការ​ជាតិ សរុប​អ្នកចូលរួម​ចំនួន ១៥ រូប​។​

​លទ្ធផល​ទទួលបាន ពី​សិក្ខាសាលា​ផ្សព្វផ្សាយ បានផ្តល់​ការយល់ដឹង​ពី​៖
- ស្ថានភាព​គុណភាព​ទឹក​ទៅតាម​ស្ថានីយ៍​តាមដាន​សរុប​ចំនួន ៤៨ ក្នុងនោះ​រួមមាន ១៩ ស្ថានីយ៍​របស់​ប្រទេស​កម្ពុជា​។​
- ការកំណត់​ស្តង់ដា​គុណភាព​ទឹក​លើ​ប៉ារ៉ាម៉ែត្រ​សំខាន់​និង​វិធីសាស្ត្រ​ប្រមូល​សំណាក​គុណភាព​ទឹក ។​
- ការវិភាគ​ទិន្នន័យ​គុណភាព​ទឹក​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ស្ថិតិ​វិភាគ ។