នាថ្ងៃពុធ ៣ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប ដឹកនាំដោយ លោក អុល សុជាតិ ប្រធានការិយាល័យសម្របសម្រួលវិវាទ បានដឹកនាំក្រុមការងារ ចុះអនុវត្តបញ្ចប់សកម្មភាពសិក្សាពីប្រសិទ្ធភាពលើការអនុវត្ត និងយន្តការគន្លឹះក្នុងការកសាងផែនការគ្រប់គ្រងសហគមន៍នេសាទប្រកបដោយនិរន្តរភាព ប្រចាំឆ្នាំ២០២៣។
ការចុះសិក្សានេះ ក្រុមការងារបាន ៖
ទី ១. ជួបពិភាក្សាជាមួយអាជ្ញាធរដែនដី ឃុំរហាល និងឃុំប្រាសាទ។
ទី ២. ជួបពិភាក្សាជាមួយសហគមន៍នេសាទស្ទឹងកំបុតមានជ័យ ក្នុងឃុំរហាល និងសហគមន៍នេសាទដង្កៀបក្ដាមមានជ័យ ក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ។
សម្រាប់ការអនុវត្តសកម្មភាពសិក្សានៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផល បានបង្ហាញឲ្យឃើញថា ៖
១. ស្ថានភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិ :
- ចំណេះដឹងរបស់គណៈកម្មការសហគមន៍នេសាទទាំង២ នៅមានកម្រិត ដែលជាផលវិបាក ក្នុងការដឹកនាំ អនុវត្តន៍ការងារអោយមានប្រសិទ្ធភាព
- កង្វះការចូលរួមក្នុងការការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ ជាពិសេស កម្លាំងស្នូលយុវជន នៅតាមសហគមន៍នេសាទនីមួយៗ
- កង្វះការបណ្ដុះបណ្ដាលសមត្ថភាពគណៈកម្មការសហគមន៍នេសាទ ជាពិសេស បច្ចេកទេសសំខាន់ៗ ដូចជាៈ ការរៀបចំកសាងផែនការគ្រប់គ្រងសហគមន៍ របៀបសរសេររបាយការណ៍ និងសំណើគម្រោងគាំទ្រសកម្មភាពជាដើម
- កង្វះការគាំទ្រនូវមធ្យោបាយ សម្ភារៈ ធនធានថវិកា សម្រាប់គាំទ្រដំណើរការការងារប្រចាំថ្ងៃ។
២. ប្រសិទ្ធភាពការអនុវត្ត ផែនការគ្រប់គ្រងសហគមន៍ :
- ការអនុវត្តផែនការគ្រប់គ្រងសហគមន៍មិនបានពេញលេញ និងមិនឆ្លើយតបទៅ នឹងទំហំការងារ និងការទទួលខុសត្រូវ របស់គណៈកម្មការសហគមន៍
- ប្រភពធនធានថវិកា សម្រាប់ការគាំទ្រដំណើរការអនុវត្តផែនការ គឺមានកម្រិត បើធៀបទៅនឹងផែនការគ្រប់គ្រងសហគមន៍ទាំងមូល
- កង្វះការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈស៊ីជម្រៅទៅលើប្រសិទ្ធភាពនៃការអនុវត្តផែនការគ្រប់គ្រងសហគមន៍ពីសំណាក់អ្នកពាក់ព័ន្ធ។
សូមជម្រាបជូនថា : សកម្មភាពចុះសិក្សាពីប្រសិទ្ធភាពលើការអនុវត្ត និងយន្តការគន្លឹះក្នុងការកសាងផែនការគ្រប់គ្រងសហគមន៍នេសាទប្រកបដោយនិរន្តរភាព ខាងលើនេះ មានគោលបំណងស្វែងយល់ ៖
- យន្តការគន្លឹះក្នុងការរៀបចំផែនការគ្រប់គ្រងសហគមន៍
- ប្រសិទ្ធភាពនៃការអនុវត្តផែនការគ្រប់គ្រងសហគមន៍នេសាទនៅតាមបណ្តាសហគមន៍នេសាទ
- កិច្ចសហការ សម្របសម្រួល ជាមួយនឹងស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប