នាថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយ លោក អុល សុជាតិ ប្រធានការិយាល័យសម្របសម្រួលវិវាទ បានបន្តចុះអនុវត្តសកម្មភាពពង្រឹងបណ្តាញទំនាក់ទំនងការងារជាមួយអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅខេត្តកំពង់ធំ ។
សកម្មភាពខាងលើ ក្រុមការងារបានជួបជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បី៖
១. ពិភាក្សាស្វែងយល់ និងប្រមូលទិន្នន័យ-ព័ត៌មាន ជាមួយនឹងខណ្ឌជលផលខេត្តកំពង់ធំ
២. ពិភាក្សា និងប្រមូលទិន្នន័យ-ព័ត៌មានជាមួយអាជ្ញាធរឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ និងសហគមន៍នេសាទតាគង់អន្លង់ត្រីបឹងទក់បឹងគួយ។
ជាមួយនឹងការអនុវត្តន៍សកម្មភាពក្នុងតំបន់សិក្សាខាងលើ ជាលទ្ធផលបឋម បានបង្ហាញឃើញថា៖
១. សហគមន៍នេសាទតាគង់អន្លង់ត្រីបឹងទក់បឹងគួយ បានបង្កើតឡើងក្នុងឆ្នាំ២០០៧ មានសមាជិកគណៈកម្មការសហគមន៍ចំនួន ១១នាក់ ស្រី ១នាក់ហើយមិនទាន់បោះឆ្នោតជ្រើសរើសគណៈកម្មការថ្មីនៅឡើយ។ សហគមន៍នេសាទនេះមានបឹងអភិរក្សចំនួន ២កន្លែង គឺ បឹងទក់ មានទំហំ ១៥០មx៣០០ម និង បឹងគួយ ទំហំ ១៥០ម×៣០០ម ដែលព័ទ្ធជុំវិញទៅដោយស្រែប្រាំង ។
២. គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ស្ថាប័នជំនាញពាក់ព័ន្ធ បានបំពេញការងារ និងបានសហការធ្វើការបង្ក្រាបបទល្មើសនេសាទ ក៏ដូចជាការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ សម្រេចបានការដកហូត និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ រួមមាន៖
- ឧបករណ៍ឡុក ចំនួន ៤,៣៣១គ្រឿង
- ឧបករណ៍របាំងស្បៃម៉ុងប្រវែង ៦៤,០៤៣ម៉ែត្រ
- ឧបករណ៍របាំងសាច់មងប្រវែង៦៧,៧៧៥ម៉ែត្រ
- ឧបករណ៍សម្រាស់ទំហំ ១,៣៤៦ម៉ែត្រការ៉េ
- ខ្សែរចងប្រវែង ៤៨៥ម៉ែត្រ
- លបប្រើស១០០ ចំនួន ២,៩៨៩គ្រឿង
- អួន ចំនួន ៣វង់
- ដុំភ្លើងឆក់ ចំនួន ១៦គ្រឿង
- ដងឆក់ ចំនួន ១៤គូរ
- ខ្សែរភ្លើងប្រវែង ៨៤គ្រឿង
- អាគុយ ចំនួន ១៦គ្រឿង
- បង្គោល ចំនួន ៧៤,៦២០ដើម
- បានប្រលែងត្រីចូលបឹងធម្មជាតិ ចំនួន ២,៧១០គីឡូក្រាម។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាសកម្មភាពពង្រឹងបណ្តាញទំនាក់ទំនងការងារជាមួយអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន មានគោលបំណង ដើម្បីបង្កើតបណ្តាញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយមន្ត្រីស្ថាប័នជំនាញពាក់6ព័ន្ធ និងថ្នាក់ក្រោមជាតិ ក្នុងការចែករំលែកចំណេះដឹង ទិន្នន័យ ព័ត៌មានពីការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិប្រកបដោយចីរភាពនៅតំបន់ជុំវិញបឹងទន្លេសាប។