ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជួបពិភាក្សា​ការងារ​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណៈប្រតិភូ​មេគង្គ​-​ឡាន​ឆាង

​នា​ព្រឹក​ថ្ងៃ​សុក្រ ៤​រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​មេគង្គ​-​ឡាន​ឆាង ដែល​ដឹកនាំ​ដោយ លោក Li Ge អគ្គនាយករង ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង Dr. Zhou Zhiwei, អគ្គលេខាធិការ មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​ឡាន​ឆាង​-​មេគង្គ (LMC) ។​

​សូមជម្រាបថា កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការ  ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ មន្ត្រី​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក​ចិន និង​មេគង្គ​-​ឡាន​ឆាង​។​

ក្នុងឱកាស​ជំនួប​នេះដែរ ឯកឧត្តម អនុប្រធាន បាន​ជម្រាបជូន​គណៈប្រតិភូ អំពី​តួនាទី ភារកិច្ច បេសកកម្ម​ស្នូល និង​សមិទ្ធផល​ស្នាដៃ​ដែល​អាជ្ញាធរ​ទន្លេសាប​សម្រេច​បាន​កន្លងមក ព្រមទាំង​បានបង្ហាញ​ពី​ទស្សនទាន​ការងារ​ដែល​កំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ ផ្សាភ្ជាប់​នឹង​បញ្ហា​ប្រឈម និង​វិធានការ​ទប់ស្កាត់​ផលប៉ះពាល់​មកលើ​បឹង​ទន្លេសាប​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត រួមជាមួយ​ការលើកឡើង​ភាព​ទំនាក់ទំនង​រវាង​បឹង​ទន្លេសាប ជាមួយ​ទន្លេមេគង្គ ។​

​ជាមួយនេះដែរ ប្រធាន​គណៈប្រតិភូ រួមជាមួយ​ក្រុម​ប្រតិភូ ឡាន​ឆាង​-​មេគង្គ បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ជាមួយ​ការលើកឡើង​ពាក់ព័ន្ធ​នឹង​ទស្សនទាន​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប​ផ្សាភ្ជាប់​នឹង​បញ្ហា​បឹង​ទន្លេសាប និង​ភាព​ទំនាក់ទំនង​រវាង​បឹង​ទន្លេសាប ជាមួយ​ទន្លេមេគង្គ ។​

​ជា​លទ្ធផល​នៃ​កិច្ចពិភាក្សា គណៈប្រតិភូ​ឡាន​ឆាង​-​មេគង្គ លោក Li Ge និង Dr. Zhou Zhiwei, បានទទួល​យក​នូវ​សំណើ​របស់ ឯកឧត្តម​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ក្នុងការ​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​រវាង អាជ្ញាធរ​ទន្លេសាប និង​ឡាន​ឆាង​-​មេគង្គ ហើយនឹង​ចាត់តាំង​មន្ត្រី​បច្ចេកទេស ០១​រូប ដើម្បី​សហការ​ជួយ​រៀបចំ​សំណើ​គម្រោង Project Proposal កិច្ចសហប្រតិបត្តិការ​រវាង អាជ្ញាធរ​ទន្លេសាប និង Lancang-Mekong Water Resources Cooperation-LMC នាពេលខាងមុខ ។