រសៀលថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៣ នៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម និងជាប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាតាម ZOOM ជាមួយក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកជុំវិញតំបន់បឹងទន្លេសាប មុននឹងក្រុមការងារទទួលខុសត្រូវតាមមុខព្រួញបណ្តាខេត្តអមផ្លូវជាតិលេខ ៥ និងលេខ ៦ ចុះអនុវត្តការងារអធិការកិច្ច និងស្រង់ព័ត៌មាន ទិន្នន័យពាក់ព័ន្ធបង្គោលកំណត់ព្រំតំបន់ ៣, ផ្ទាំងប៉ាណូ, តំបន់ផ្ទៃដីទន្ទ្រានព្រៃលិចទឹក (ចាស់-ថ្មី), តំបន់កាត់ឆ្វៀល ដែលស្ថិតនៅតាមទីតាំងជាក់ស្តែងក្នុងតំបន់ ១ តំបន់ ២ និងតំបន់ ៣ ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ។
សូមជម្រាបថា : កិច្ចប្រជុំពិភាក្សានេះ មានការចូលពី ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី ដែលជា ប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកជុំវិញតំបន់បឹងទន្លេសាប សរុបចំនួន : ២២នាក់ ។
កិច្ចប្រជុំ គឺបានពិភាក្សាផ្តោតលើ :
១. កិច្ចការបច្ចេកទេស (ផែនការការងារ, ការចាត់ចែងសមាជិកក្រុមការងារ, វិធីសាស្ត្រ, និងសម្ភារៈបច្ចេកទេស)
២. កិច្ចការហិរញ្ញវត្ថុក្នុងការចំណាយ
៣. បញ្ហាផ្សេងៗ
សូមបញ្ជាក់ថា : ក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកជុំវិញតំបន់បឹងទន្លេសាប របស់អាជ្ញាធរទន្លេសាប បាន និងកំពុងតែចុះជួបពិភាក្សាជាមួយអាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធ នៅតាមបណ្តាខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ដើម្បីធ្វើការផ្ទៀងផ្ទាត់ព័ត៌មាន ទិន្នន័យបឋមមុននឹងក្រុមការងារចុះដល់ទីតាំងជាក់ស្តែង ។ ដោយឡែក មន្ត្រីក្រុមការងារជំនាញបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ក៏បាននិងកំពុងយកចិត្តទុកដាក់កែសម្រួល និងរៀបចំរាល់ឯកសារបច្ចេកទេស និងផែនទីពាក់ព័ន្ធ (ទាំងផ្នែកទន់ និងផ្នែករឹង) ដើម្បីជួយគាំទ្រ និងសម្រួលដល់ក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកជុំវិញតំបន់បឹងទន្លេសាប និងបានផ្តល់ការបណ្តុះបណ្តាលពីការប្រើប្រាស់កម្មវិធីចុះប្រមូលទិន្នន័យ-ព័ត៌មាន ដោយប្រើប្រាស់កម្មវិធី (KOBO Collect) ។