នាថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ឯកឧត្តម ហ៊ែល តូនី អនុប្រធានទទួលបន្ទុកក្តាប់រួម អាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាបជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រី្តក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានសម្របសម្រួលដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាលើការពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ។
សូមជម្រាបថា កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការអញ្ជើញជាអធិបតីភាពឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខួយ រីដា អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន នាយកដ្ឋាន និងមន្ត្រីបច្ចេកទេសនៃក្រុមការងារតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក នៃអាជ្ញាធរទន្លេសាប ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសតំណាងពីក្រសួងស្ថាប័នថ្នាក់ជាតិ រួមមានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, ក្រសួងមហាផ្ទៃ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីបច្ចេកទេស និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញសាលាខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរដែនដីរដ្ឋបាលថ្នាក់មូលដ្ឋានស្រុក និងឃុំពាក់ព័ន្ធ ក្នុងខេត្តពោធិ៍សាត់ មានចំនួនសរុប ៦៩ រូប។
ឯកឧត្តម ហ៊ែល តូនី បានជម្រាបជូនអង្គប្រជុំថា ក្នុងស្មារតីទទួលខុសត្រូវលើដែនសមត្ថកិច្ចរបស់ខ្លួន អាជ្ញាធរទន្លេសាប ជាសេនាធិការឲ្យរាជារដ្ឋាភិបាល រួមជាមួយភារកិច្ចទទួលខុសត្រូវ ដែល បានកំណត់ក្នុងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ជាពិសេសការចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា។
កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងពិភាក្សាលើចំនុចមួយចំនួន ដូចខាងក្រោម ៖
១- លទ្ធផលសិក្សាស្រាវជ្រាវ របស់ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប។
២- ពិភាក្សាលើបញ្ហាពាក់ព័ន្ធ (តំបន់ ១ តំបន់ ២ និងតំបន់ ៣) ជាមួយនឹងមតិយោបល់កែលម្អ។
៣- ចែករំលែក និងផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ តំបន់ ១តំបន់ ២ និងតំបន់ ៣ ក្នុងខេត្តពោធិ៍សាត់ ។
៤- កិច្ចសហការពីក្រសួង-ស្ថាបន័ជំនាញ ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ ក្នុងការចូលរួមការពារ ថែរក្សាធនធានធម្មជាតិ និងបរិស្ថាន តំបន់១ តំបន់២ និងតំបន់៣ នៃតំបន់បឹងទន្លេសាប ។
៥- ការដាក់ផែនការ/កម្មវិធីចុះអនុវត្តការងារតាមតំបន់ជាក់ស្តែង ក្នុងខេត្តពោធិ៍សាត់ ។
បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរមតិយោបល់ប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមក កិច្ចប្រជុំបានឯកភាពគ្នា ដូចខាងក្រោម ៖
១. បន្តកិច្ចសហការរវាងថ្នាក់ខេត្ត មន្ទីរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចុះធ្វើការពិនិត្យផ្ទៀងផ្ទាត់តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ។
២. ផ្ទៀងផ្ទាត់ឡើងវិញនូវចំណុចលម្អៀង នៃទិន្នន័យរបស់អាជ្ញាធរទន្លេសាប និងក្រសួង មន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្តពោធិ៍សាត់ ។
៣. ចែករំលែកទិន្នន័យ-ព័ត៌មានរួម និងបច្ចេកទេស រវាងស្ថាប័នពាក់ព័ន្ធ ។
៤. ការដាក់ផែនការ/កម្មវិធីចុះអនុវត្តការងារតាមតំបន់ជាក់ស្តែង ក្នុងខេត្តពោធិ៍សាត់។
៥. ទទួលបានការយល់ដឹងពីសកម្មភាព និងការងារស្នូលរបស់អាជ្ញាធរដែនដីក្នុងការចូលរួមអនុវត្តន៍ទប់ស្កាត់ និងការការពារតំបន់ព្រៃលិចទឹក ធនធានជលផល ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងដែនសមត្ថកិច្ចរបស់ខេត្តពោធិ៍សាត់។
៦. បន្តអនុវត្តតាមស្មារតីខ្លឹមសារ អនុក្រឹត្យលេខ ១៩៧ ។
សូមបញ្ជាក់ផងដែរថា អនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១១ ដែលបានកំណត់ដែនព្រៃលិចទឹក (តំបន់៣) មានទំហំផ្ទៃដីសរុបចំនួន ៦៤៧,៤០៦ ហិកតា និងបោះបង្គោលកំណត់ព្រំប្រទល់ព្រៃលិចទឹកតំបន់៣ មានចំនួន ៨០២ បង្គោល ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តទាំង៦ ជុំវិញបឹងទន្លេសាប មានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ។ ដោយឡែក ខេត្តពោធិ៍សាត់ មានទំហំផ្ទៃដីដែនព្រៃលិចទឹក (តំបន់៣) សរុបមានចំនួន ៩៤,០៤២ ហិកតា ក្រោយពីយុទ្ធនាការកាត់ឆ្វៀលហេីយផ្ទៃដីតំបន់៣ មាន ៩០, ៥៩៣.២៣ ហិកតា និងបង្គោលកំណត់ព្រំតំបន់៣ ចំនួន ៧៦បង្គោល ។
ក្នុងឱកាសនោះដែរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមអនុប្រធានក្តាប់រួម បានដឹកនាំក្រុមការងារចុះជាក់ស្តែង ៖
1.ចុះពិនិត្យទីតាំងដែនដីកាត់ឆ្វៀលនៅចំនុចបង្គោលលេខ២០៩ និងផ្ទាំងប៉ាណូផែនទីបង្ហាញព្រំប្រទល់ព្រៃលិច ស្ថិតនៅតំបន់វាលក្តាន់ធាក់ ក្នុងភូមិសាស្ត្រឃុំអន្សាចំបក់។
2.ស្វែងយល់ពីស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋភូមិបណ្តែតទឹក ក្នុងភូមិសាស្ត្រភូមិកំបង់ថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សូមរម្លឹកផងដែរថា អាជ្ញាធរទន្លេសាប បានចេញសេចក្ដីសម្រេចលេខ ២៣៦ អទស នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ស្តីពីការបង្កើតក្រុមការងារចុះតាមដានពិនិត្យ និងធ្វើអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ស្ថិតក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប៕