នាថ្ងៃចន្ទ ១៣កើត និងថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ និងទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោក ឡូញ ណារិន្ន ប្រធានការិយាល័យកសិកម្មចម្រុះ នៃនាយកដ្ឋានធនធានធម្មជាតិ របស់អាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការរៀបចំផែនទីទឹកជំនន់សម្រាប់ការសិក្សាសាកល្បងផ្នែកទឹកជំនន់ នៅស្ទឹងស្ទោង នៅភោជនីយដ្ឋានឡូវ គឹម សេង ទីរួមខេត្តកំពង់ធំ ដែលរៀបចំដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ។
គោលបំណងសំខាន់ នៃសិក្ខាសាលាបណ្តុះបណ្តាល ៖
១. ដើម្បីបង្ហាញលទ្ធផលសំខាន់ៗ ពីការសិក្សាសាកល្បងទឹកជំនន់
២. ដើម្បីពង្រឹងការកសាងសមត្ថភាពក្រុមមន្ត្រីបច្ចេកទេស ដែលពាក់ព័ន្ធនឹងការសិក្សាសាកល្បងទឹកជំនន់ និងក្រសួង ស្ថាប័នពាក់ព័ន្ធ លើការប្រើប្រាស់ឧបករណ៍រៀបចំផែនទីទឹកជំនន់ ។
សូមជម្រាបជូនថា ៖ សិក្ខាសាលាបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការអញ្ជើញចូលរួមមកពីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលជលផល), អាជ្ញាធរទន្លេសាប, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, មន្ទីរធនធានទឹកខេត្តកំពង់ធំ, មន្ទីរធនធានទឹកខេត្តព្រះវិហារ, មន្ត្រីពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជំនាញការជាតិ សរុបអ្នកចូលរួមចំនួន ១៧ រូប។