ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាល​ស្តីទី បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តបន្ទាយមានជ័យ​

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​រោច ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៤នៅ​សាលប្រជុំ (​ខ​) សាលាខេត្ត​បន្ទាយមានជ័យ ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋ​ម​ន្រី្ត​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​

​ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាល​ស្តីទី​នៃ​គណ​:​អភិបាល ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការចុះពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ដែល​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​តំណាង​មន្ទីរ អង្គភាព​ជំនាញ ព្រមទាំង​អាជ្ញាធរ​ដែនដី​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​ស្រុក និង​ឃុំ​ពាក់ព័ន្ធ ក្នុង​ខេត្តបន្ទាយមានជ័យ​ចំនួន​សរុប ៥៩​នាក់​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ជម្រាបជូន​អង្គប្រជុំ អំពី​សារៈសំខាន់​ធនធានធម្មជាតិ​នៃ​បឹង​ទន្លេសាប និង​បញ្ហា​ប្រឈម​កំពុង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បឹង​នាពេល​បច្ចុប្បន្ន​ដោយ​កត្តា​ធំ​ដោយ​កត្តា​មនុស្ស និង​កត្តា​ធម្មជាតិ​(​បម្រែបម្រួល​អាកាសធាតុ​) ។ ក្នុង​ស្មារតី​ទទួលខុសត្រូវ​លើ​ដែន​សមត្ថកិច្ច​របស់ខ្លួន អាជ្ញាធរ​ទន្លេសាប ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល រួមជាមួយ​ភារកិច្ច​ទទួលខុសត្រូវ ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ជាពិសេស​ការចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​នេះ​ឡើង មាន​គោលបំណង ដើម្បី​ពិភាក្សា​លើ​ចំនុច​មួយចំនួន ដូចខាងក្រោម ៖
១. បង្ហាញ​ពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ របស់​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប​
២. ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ (​តំបន់ ១ តំបន់ ២ ​និង​តំបន់ ៣)
៣. ចែករំលែក និង​ផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ តំបន់​១ តំបន់​២ និង​តំបន់​៣ ក្នុង​ខេត្តបន្ទាយមានជ័យ​
៤. រួមសហការ​ពី​ក្រសួង​-​ស្ថាប័ន​ជំនាញ ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ក្នុង​ការចូល​រួមការ​ពារ ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប​
៥. ការរៀបចំ​ផែន​ការចុះអនុវត្ត​ការងារ​តាម​តំបន់​គោលដៅ​ជាក់ស្តែង ក្នុង​ខេត្តបន្ទាយមានជ័យ​។ 

​គួរ​រម្លឹក​ផងដែរ​ថា អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១ ដែល​បានកំណត់​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) ខេត្តបន្ទាយមានជ័យ មាន ៤៨ បង្គោល​ទំហំ​ផ្ទៃដី​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) សរុប ១២,២៩៥ ហិកតា និង​លើក​ផ្ទាំង​ប៉ាណូ​ផែនទី​កំណត់​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ បាន​ចំនួន ០៦ ផ្ទាំង បង្គោល​ប្រវត្តិសាស្ត្រ​ចំនួន ០២​បង្គោល​។​
- នៅ​ឆ្នាំ​២០២២-២០២៣ រាជរដ្ឋាភិបាល កាត់​ឆ្វៀល​ផ្ទៃដី​តំបន់​២ មក​តំបន់​១ មាន​ចំនួន ៣,៤៩៩.២៦ ហិកតា និង​ពី​តំបន់​២ មក​តំបន់​១ មាន​ទំហំ ៣១៦.០២​ហិកតា ។​
- ផ្ទៃដី​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ នៅ​ខេត្តបន្ទាយមានជ័យ បាន​កែសម្រួល​ពី​ទំហំ ១២,២៩៥​ហិកតា មក​នៅត្រឹម ៨,៧៩៥.៧៣​ហិកតា បន្ទាប់ពី​រាជរដ្ឋាភិបាល​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិ​(​លំនៅឋាន​) និង​អាស្រ័យ​ផល​។​

​បន្ទាប់ពី​បាន​ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​រួចមក កិច្ច​ប្រជុំបាន​ឯកភាពគ្នា ដូចខាងក្រោម ៖ 
1. បន្ត​កិច្ចសហការ​រវាង​ថ្នាក់​ខេត្ត មន្ទីរ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចុះ​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​
2. ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ចំណុច​លម្អៀង នៃ​ទិន្នន័យ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប និង​ក្រសួង មន្ទីរជំនាញ​ពាក់ព័ន្ធ​
3. ចែករំលែក​ទិន្នន័យ​-​ព័ត៌មាន​រួម និង​បច្ចេកទេស រវាង​ស្ថាប័ន​ពាក់ព័ន្ធ 
4. ការរៀបចំ​ផែន​ការចុះអនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង​
5. ទទួលបាន​ការយល់ដឹង​ពី​សកម្មភាព និង​ការងារ​ស្នូល​របស់​អាជ្ញាធរ​ដែន​ដី​ក្នុង​ការចូលរួម​អនុវត្តន៍​ទប់ស្កាត់ និង​ការការពារ​តំបន់​ព្រៃ​លិច​ទឹក ធនធាន​ជលផល ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ក្នុង​ដែន​សមត្ថកិច្ច​
6. បន្ត​អនុវត្តតាម​ស្មារតី​ខ្លឹមសារ​អនុក្រឹត្យ​លេខ ១៩៧ ។​

​សូម​ជម្រាបជូន​ផងដែរ​ថា បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម អនុប្រធាន​ក្តាប់​រួម បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់ស្តែង​ទីតាំង​ដែនដី​កាត់​ឆ្វៀល​តំបន់​២ ស្ថិតនៅ​ភូមិសាស្ត្រ​ចំណុច​បឹង​ដង្កៀបក្តាម​មានជ័យ និង​តំបន់​កំព្រីង​ធំ និង​ផ្ទាំង​ប៉ាណូ​ផែនទី​បង្ហាញ​ព្រំប្រទល់​ព្រៃ​លិច ចន្លោះ​បង្គោល​លេខ ៣៦៥ ដល់ ៣៦៦ ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​៕