លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការបំពុល​ប្លា​ស្ទិ​ក​ក្នុង​ទន្លេ​នៅ​ប្រទេស​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​

នា​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ដល់​ថ្ងៃ​សុក្រ ២​កើត ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៤ លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ការបំពុល​ប្លា​ស្ទិ​ក​ក្នុង​ទន្លេ​នៅ​ប្រទេស​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួងបរិស្ថាន​សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNEP)​។ 

​គោលបំណង​សំខាន់ នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​៖ 
១. លើកកម្ពស់​ការយល់ដឹង ដល់ មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​លើ​ការអនុវត្ត​អនុសញ្ញា​បា​សែ​ល ដើម្បី​ទប់ស្កាត់​ការបំពុល​សំណល់​ប្លា​ស្ទិ​ក​ក្នុង​ទន្លេ សំដៅ​ចូលរួម​ដល់​ការការពារ​សុខភាព​សារ​ធារ​ណៈ និង​កិច្ច​គាំពារ​បរិស្ថាន​តាម​រយៈ​ការចែករំលែក​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ការសិក្សា​ការវាយតម្លៃ​ការបំពុល​ប្លា​ស្ទិ​ក​ក្នុង​ទន្លេ និង​ការគ្រប់គ្រង​សំណល់​រឹង​នៅ​កម្ពុជា និង​បទ​បង្ហាញ​សេចក្តីណែនាំ​សង្ខេប​អំពី​ទម្រង់ និង​ការ​រចនា​នៃ​ការរៀបចំ​ឯកសារ​សំណើ​គម្រោង ស្ថានភាព​ម្ចាស់ជំនួយ​ជាតិ​នៅ​កម្ពុជា​ដែល​អាច​ស្នើសុំ​ថវិកា​ពី​ធនាគារ និង​គំនិត​ផ្តួចផ្តើម​ស្តីពី​ការតាមដាន​ការបំពុល​ប្លា​ស្ទិ​ក​ក្នុង​ទន្លេ​
២. ការពិភាក្សា ពិគ្រោះ​យោបល់​លើ (i) ឧបករណ៍ និង​វិធីសាស្ត្រ​សម្រាប់​ការវាយតម្លៃ​ប្លា​ស្ទិ​ក និង​ផែនការ​ការងារ​ដើម្បី​ឲ្យ​ប្រសើរឡើង​នូវ​ការវាយតម្លៃ និង​ការតាមដាន​ការបំពុល​ប្លា​ស្ទិ​ក​នៅក្នុង​ទន្លេ ព្រមទាំង​លើ (ii) សកម្មភាព​គម្រោង​ដែលមាន​សក្តានុពល​សម្រាប់​គម្រោង​ដែល​អាច​ស្នើសុំ​ថវិកា​ពី​ធនាគារ​នៅ​កម្ពុជា ។​

​ជា​លទ្ធផល​នៃ​អង្គសិក្ខាសាលា​ពិគ្រោះ សិក្ខាកាម​ដែល​បាន​អញ្ជើញ​មកពី​ក្រសួង ស្ថាប័ន NGOs និង​វិស័យ​ឯកជន​ពាក់ព័ន្ធ បានផ្តល់​ធាតុ​ចូល​បន្ថែម​ជាច្រើន​ដល់​គម្រោង​ក្នុងការ​រៀបចំ​បង្កើត​សកម្មភាព​គម្រោង​ក្នុងការ​តាមដាន​លើ​ការបំពុល​ប្លា​ស្ទិ​ក​ក្នុង​ទន្លេ ការចូលរួម​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ព្រមទាំង​វិធានការ​ការពារ​ការបំពុល​ប្លា​ស្ទិ​ក​នៅក្នុង​ទន្លេ​។​

​សូម​ជម្រាបជូន​ថា ៖ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ នៃ​ក្រសួងបរិស្ថាន ដោយមាន​ការអញ្ជើញ​ចូលរួម​មកពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​NGOs រួមមាន MoE, MISTI, MoP, MoC, MoH, MoT, TSA , UNEP, UNDP, GIZ, JICA នៅ MoE, EPA, iDE, GRID-ARENDAL, Eco-bricks, TONTOTON, ROC, RUPP, RUA និង​មន្ត្រី​ពី​អគ្គនាយក​គាំពារ​បរិស្ថាន​សរុប​អ្នកចូលរួម​ចំនួន ៣៥ រូប (​ស្រី ១៤​រូប​)​។