នារសៀលថ្ងៃអង្គារ ៦ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៤ នៅសាលប្រជុំទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាកិត្តិយសបើកកិច្ចប្រជុំវាយតម្លៃការអនុវត្តផែនការសកម្មភាពការងារប្រចាំឆ្នាំ ២០២៣ ពិនិត្យវឌ្ឍនភាពការងារអាជ្ញាធរទន្លេសាបឆ្នាំ២០២៣ និងលើកទិសដៅបន្តអនុវត្តន៍សម្រាប់ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន អាជ្ញាធរទន្លេសាប ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង លោកទីប្រឹក្សា លោក-លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប មានចំនួនសរុប ៦១រូប ។
ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប បានមានមតិសំណេះសំណាល និងណែនាំអំពីការងារចំពោះមុខ ដែលបានកំណត់ពីបេសកកម្មស្នូល និងការទទួលខុសត្រូវរបស់អាជ្ញាធរទន្លេសាប និងបានគូសបញ្ជាក់ជាអង្គភាពថ្នាក់ជាតិពាក់ព័ន្ធនឹងកិច្ចការពហុវិស័យស្ថិតក្នុងដែនវិសាលភាពបឹងទន្លេសាប ក្នុងតួនាទី ភារកិច្ច លើការសិក្សាស្រាវជ្រាវ និងសម្របសម្រួល សម្រាប់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ បរិស្ថាន និងសេដ្ឋកិច្ចសង្គមតំបន់បឹងទន្លេសាបប្រកបដោយនិរន្តរភាព។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមប្រធាន អាជ្ញាធរទន្លេសាប បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តការងារឱ្យកាន់តែសកម្ម ច្បាស់លាស់ និងមានប្រសិទ្ធភាពថែមទៀត ដោយធ្វើយ៉ាងណាឲ្យលេចចេញជាសមិទ្ធផល របស់ស្ថាប័នអាជ្ញាធរទន្លេសាប ដែលអាចយកទៅប្រើប្រាស់បាន និងទទួលស្គាល់ជាផ្លូវការ សម្រាប់ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ គាំទ្រដល់កម្មវិធីឬគម្រោងនានា និងសម្រាប់ជាមូលដ្ឋានសំខាន់ដល់អ្នកសិក្សាស្រាវជ្រាវ ។
ក្រោយពីឯកឧត្តមប្រធាន អាជ្ញាធរទន្លេសាប បានធ្វើការណែនាំ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់មួយចំនួននៅក្នុងការបើកកិច្ចប្រជុំនារសៀលនេះ ឯកឧត្តមប្រធាន ក៏បានប្រគល់ជូននូវ សៀវភៅផែនការយុទ្ធសាស្ត្រ រយៈពេល ៥ ឆ្នាំ របស់អាជ្ញាធរទន្លេសាប (២០២៤-២០២៨) ដើម្បីធ្វើជាត្រីវិស័យក្នុងដំណើរការការអនុវត្ត និងចូលរួមចំណែកគាំទ្រលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ ។
បន្ទាប់ពីបទបង្ហាញ និងកិច្ចពិភាក្សាវឌ្ឍនភាពនៃការអនុវត្តន៍ផែនការសកម្មភាពឆ្នាំ២០២៣ របស់ថ្នាក់ដឹកនាំ និងនាយកដ្ឋានទាំង ៤ រួចមក ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ ក៏បានលើកបង្ហាញពីទិសដៅសម្រាប់អនុវត្តន៍នៅក្នុងឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ក្នុងការគាំទ្រដល់ដំណើរការអនុវត្តផែនការយុទ្ធសាស្ត្រ របស់អាជ្ញាធរទន្លេសាប ២០២៤-២០២៨ ឲ្យសម្រេចបានជោគជ័យ ដែលក្នុងនោះមានសកម្មភាពសរុបមានចំនួន ២៨ សកម្មភាព ផ្តោតលើអន្តរវិស័យក្នុងដែនគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ បរិស្ថានធនធានធម្មជាតិ នៅតំបន់ជុំវិញបឹងទន្លេសាប ព្រមទាំងបានយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមប្រធានអាជ្ញាធរទន្លេសាប ដូចខាងក្រោម៖
1. ចុះសិក្សាស្រាវជ្រាវប្រមូលទិន្នន័យច្បាស់លាស់ និងធ្វើការវិភាគ
2. រៀបចំចងក្រងបោះពុម្ពសមិទ្ធផលដែលរកឃើញ
3. ធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទិន្នន័យ។
ក្នុងឱកាសបូកសរុបកិច្ចប្រជុំនេះ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប បានផ្តល់មតិណែនាំបន្ថែម ផ្តោតសំខាន់ទៅលើ៖
- បង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងសាកលវិទ្យាល័យក្នុងស្រុក លើការសិក្សាស្រាវជ្រាវ និងចែករំលែករបកគំហើញពីការសិក្សាស្រាវជ្រាវ
- បង្កើនការយកចិត្តទុកដាក់លើប្រសិទ្ធភាពការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងជាឯកសាររង(ទស្សនាវដ្តី ខិតប័ណ្ណ ...)
- ពិនិត្យលើការលើកផែនការសកម្មភាពអន្តរវិស័យឆ្នាំ២០២៤ ត្រូវអនុវត្តសិក្សារួមគ្នារវាងនាយកដ្ឋានជំនាញនៃអគ្គលេខាធិការដ្ឋាន ។