រាជធានីភ្នំពេញៈ នៅអាជ្ញាធរទន្លេសាប នាព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរទន្លេសាប បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញលើការកំណត់បែងចែកតំបន់ជុំវិញបឹងទន្លេសាប ដឹកនាំសម្របសម្រួលដោយឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាបតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប និងឯកឧត្តម អស់លោកតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋបាលជលផល មានចំនួនសរុប ៤១រូប ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសអន្តរក្រសួងនេះ មានគោលបំណង ដូចខាងក្រោម ៖
១. ពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន ទិន្នន័យឡើងវិញ បន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ខេត្ត នៃខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប
២. ពិភាក្សា និងពិនិត្យព័ត៌មាន ទិន្នន័យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងរៀបចំកំណត់ផែនទីរួមតែមួយ ក្នុងការបែងចែកតំបន់១ តំបន់២ និងតំបន់៣ នៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ឲ្យបានច្បាស់លាស់
៣.ស្វែងរកធាតុចូលឲ្យបានត្រឹមត្រូវ សំដៅរកការឯកភាព និងសម្រេចបាននូវគោលគំនិតរួមតែមួយ អំពីការកំណត់បែងចែកតំបន់១ តំបន់២ និងតំបន់៣ នៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន និងរាជរដ្ឋាភិបាល ពិនិត្យ សម្រេច និងផ្តល់អនុសាសន៍ណែនាំ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ែល តូនី បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ចំពោះឯកឧត្តម អស់លោកតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំដ៏មានសារ:សំខាន់នាព្រឹកនេះ និងថ្លែងអំណរគុណចំពោះកិច្ចសហការពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (អាជ្ញាធរខេត្ត ស្រុក ឃុំ) ដែលបានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការចុះពិនិត្យផ្ទៀងផ្ទាត់ តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង, កំពង់ធំ, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងខេត្តសៀមរាប ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ មកដល់ពាក់កណ្តាលខែមករា ឆ្នាំ ២០២៤ ។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ ក៏បានធ្វើបទបង្ហាញពីទិន្នន័យ និងផែនទីបែងចែកដីព្រំប្រទល់ដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់ ១ តំបន់២ និងតំបន់៣ នៅក្នុងភូមិសាស្ត្រខេត្តទាំង៦ ជុំវិញបឹងទន្លេសាប មានខេត្តកំពង់ធំ, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង និងខេត្តកំពង់ឆ្នាំង ព្រមទាំងពិភាក្សាលើលទ្ធផលវឌ្ឍនភាពការកាត់ឆ្វៀលផ្ទៃដីព្រៃលិចទឹករវាងក្រុមការងារអាជ្ញាធរទន្លេសាប និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលជលផល។
ជារួមកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញលើការកំណត់បែងចែកតំបន់ជុំវិញបឹងទន្លេសាប បានលទ្ធផល និងឯកភាពជាគោលការណ៍មួយចំនួនរួមមាន៖
១. ទទួលបានធាតុចូលសំខាន់ៗ និងការផ្តល់យោបល់ល្អៗ ព្រមទាំងកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងស្ថាប័ន/ជំនាញពាក់ព័ន្ធ
២. ឯកភាព ទទួលយកការពិភាក្សា និងពិនិត្យជាបន្តបន្ទាប់លើព័ត៌មានទិន្នន័យឲ្យបានច្បាស់លាស់ ដើម្បីរៀបចំកំណត់បានជាផែនទីរួមតែមួយ ប្រកបដោយត្រឹមត្រូវមុននឹងរៀបចំរបាយការណ៍ក្នុងការបែងចែកតំបន់១ តំបន់២ និងតំបន់៣ នៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដាក់ជូនថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន និងរាជរដ្ឋាភិបាល ស្នើសុំការពិនិត្យ សម្រេច និងផ្តល់អនុសាសន៍ណែនាំ
៣. ឯកភាព ឲ្យមន្ត្រីបច្ចេកទេសក្រសួងស្ថាប័នទាំង បី ( អាជ្ញាធរទន្លេសាប, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលជលផល) បន្តធ្វើការរួមគ្នាពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញលើព័ត៌មាន ទិន្នន័យ និងរៀបចំផែនទីរួម ក្នុងការកំណត់បែងចែកតំបន់ ១ តំបន់ ២ និងតំបន់ ៣ ជុំវិញបឹងទន្លេសាប ដើម្បីដាក់ប្រជុំពិនិត្យ និងពិភាក្សារួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ មុននឹងសម្រេចចុងក្រោយ ដាក់ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច
៤. បន្តរក្សាស្មារតីអនុវត្តខ្លឹមសារអនុក្រឹត្យលេខ១៩៧ អនក្រ.បក ជាមូលដ្ឋាន ព្រមជាមួយបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការការពារដែនព្រៃលិចទឹកតំបន់បឹងទន្លេសាប ក្រោយពីការកាត់ឆ្វៀលត្រូវបានបិទបញ្ចប់ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប
៥. ក្រសួងជំនាញពាក់ព័ន្ធ នឹងទទួលយកនូវទិន្នន័យគោលនេះ ទៅពិនិត្យលើឯកសារគតិយុត្តនានា របស់អង្គភាពសាម៉ី ដើម្បីធ្វេីការអភិវឌ្ឍន៍ និងអភិរក្សបរិស្ថានធនធានធម្មជាតិ នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប ព្រមទាំងចូលរួមសហការមានវិធានការការពារដែនព្រៃលិចទឹកតំបន់៣ ។
គួររម្លឹកផងដែរថា អនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១១ ក៏បានកំណត់ទំហំនៃដែនព្រៃលិចទឹក (តំបន់៣) និងនិយាមការស្ថិតក្នុងភូមិសាស្ត្រខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប មានខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ព្រមជាមួយការកំណត់បែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវច្បាស់លាស់ ក្នុងការចូលរួមការពារដែនព្រៃលិចទឹក (តំបន់ ៣) ជុំវិញបឹងទន្លេសាប ។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរទន្លេសាប ជាអង្គភាពថ្នាក់ជាតិដែលមានភារកិច្ចសិក្សាស្រាវជ្រាវ សម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវផលប្រយោជន៍ប្រកបដោយនិរន្តរភាព។ ដោយចាប់បង្កើតឡើងក្នុងឆ្នាំ២០០៧ អាជ្ញាធរអាងទន្លេសាប បានប្តូរឈ្មោះជាអាជ្ញាធរទន្លេសាបវិញក្នុងឆ្នាំ២០០៩ ។ អាជ្ញាធរទន្លេសាបបានដើរតួនាទីជាសេនាធិការឱ្យរាជរដ្ឋាភិបាល ៕