ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​ភូមិសាស្ត្រ​ស្រុក​ស្ទោង ខេត្តកំពង់ធំ

​នៅ​ថ្ងៃ​អង្គារ ១៣​កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ​៦ ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​តាមដាន​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់ និយាម​កា​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ស្ថិតនៅ​ឃុំ​ចំណារ​ក្រោម ឃុំ​សំព្រោច និង​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក​។​

​ដំណើរការ និង​លទ្ធផល​របស់​ក្រុមការងារ​សម្រេចបាន​៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ បាន​ចុះ​អនុវត្ត​ផ្ទាល់​ដល់ទី​តាំង និង​បាន​ពិភាក្សា​ការងារ​ជាមួយ តំណាង​រដ្ឋបាល​ខេត្តកំពង់ធំ អភិបាល​-​អភិបាលរង​ស្រុក​ស្ទោង មេបញ្ជាការ​-​មេបញ្ជាការរង​ស្រុក​ស្ទោង អធិការ​-​អធិការរង​ស្រុក​ស្ទោង ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ នាយ​សង្កាត់​ជលផល​ស្រុក​ស្ទោង ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រធានស្តីទី​ការិយាល័យ​នីតិកម្ម និង​មេឃុំ​-​ក្រុមប្រឹក្សា​ទាំង ៤​ឃុំ​។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​បង្គោលព្រំ​តំបន់​៣  នៅ​ឃុំ​ចំណារ​ក្រោម ឃុំ​សំព្រោច និង​ឃុំ​ម្សាក្រង​។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យ​ផល ស្ថិតនៅ​អាងទឹក​សហគមន៍ ៣ ភូមិ ស្ថិតនៅ​ឃុំ​ចំណារ​ក្រោម មាន​ប្រជាពលរដ្ឋ​មកពី​ភូមិ​ត្រពាំង​ជ័រ ភូមិ​ក្លិន ភូមិ​ប្រាសាទ នៃ​ឃុំ​ចំណារ​លើ​, ភូមិ​ស្ពាន​ក្រង ភូមិ​សណ្តាន់ ភូមិ​នាង​ណ​យ នៃ​ឃុំ​ចំណារ​ក្រោម ។ 
- បាន​ចុះ​ដល់​ចំនុច​ផ្តៅ​ពេន និង​ចំនុច​ត្រពាំង​ក្រ​ប៉ៅ មាន​ប្រជាពលរដ្ឋ​ទាំងអស់​មកពី​ភូមិ​សំបួរ​ត្បូង និង​ភូមិ​បត់​ត្រង់ ឃុំ​ម្សាក្រង ។ 

​ជាការ​កត់សំគាល់​៖  
- បង្គោលព្រំ ដែន​ព្រៃ​លិច​ទឹក​តំបន់៣ ស្ថិតក្នុង​ឃុំ​ចំណារ​ក្រោម ឃុំ​សំព្រោចនិង​ឃុំ​ម្សាក្រង បាន​បោះ​ចំ​ទី​តាងនិង​ត្រង់​ល្អ​ភាគច្រើន។
- ផ្ទៃដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ នៅតែមាន​ប្រជាពលរដ្ឋ​មួយចំនួន បន្ត​ចូលទៅ​ទន្ទ្រាន នៅ​តំបន់​ខ្លះ ទោះបី​មានការ​ហាមឃាត់​តឹងរឹង​ពី​អាជ្ញាធរ​ស្រុក​ស្ទោង​ក៏ដោយ ។ 

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ក្រុមការងារ​ជំនាញ​បច្ចេកទេស​ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប​នឹង​បន្ត​ចុះ​សិក្សា​បន្ថែមទៀត​រហូត​ប​ញ្ច​ប់​តាម​ផែនការ​គ្រោងទុក ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​សំខាន់​ដើម្បី ៖
- តាមដាន ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​និយាម​កា​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់ ៣ 
- សហការ​សម្របសម្រួល​ជាមួយ​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ដើម្បី​ចុះ​អធិការកិច្ច​លើ​រាល់​គ្រប់​សកម្មភាព​ពាក់ព័ន្ធ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​
- ពិនិត្យ ជួសជុល និង​ថែទាំ ឬ ដាំ​បង្គោលព្រំ និង​ស្លាក​សញ្ញា​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​
- ចូលរួម​គ្រប់​សកម្មភាព​ការពារ​ធនធានធម្មជាតិ ពិសេស​ព្រៃ​លិច​ទឹក និង​ដែន​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕