នៅថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ ក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ប្រចាំមុខព្រួញផ្លូវជាតិលេខ ៥ ដឹកនាំដោយ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានចុះតាមដានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ និយាមកាបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង តាមស្មារតីអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ។
ដំណើរការ និងលទ្ធផលរបស់ក្រុមការងារសម្រេចបាន ៖
- ជួបប្រជុំផ្សព្វផ្សាយ អំពីដំណើរការ និងគោលបំណងនៃបេសកកម្មរបស់ក្រុមការងារ និងផែនការចុះអនុវត្តផ្ទាល់ដល់ទីតាំង ដោយមានការចូលរួមពីតំណាងរដ្ឋបាលស្រុក អាជ្ញាធរឃុំ និងប៉ុស្តិ៍នគរបាលឃុំ និងធ្វើកំណត់ហេតុលើលទ្ធផលចុះអធិការកិច្ចនេះផងដែរ ។- ចុះដល់ទីតាំង និងពិនិត្យស្ថានភាពបង្គោលព្រំតំបន់៣ នៅឃុំពាមឆ្កោក ។
- ចុះពិនិត្យផ្ទៃដីដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ និងអាស្រ័យផល នៅឃុំពាមឆ្កោក ។
- បានចុះដល់ចំនុចព្រែកកំពង់តាអួរ, ជ្រុងត្រែង, ទំនប់ឆ្តោ, ចុងខ្សាច់, ទួលវាលស្រង៉ែ, វាលសំណាប, ព្រែកប្រណាក, បាក់កាំភ្លើង, ព្រែកអញ្ចាញ, ព្រែកធំ, ក្រោយភូមិក្បាលក្រឡង់, កោះរការ និងស្តីដក់គង ។
ជាការកត់សំគាល់ ៖
- បង្គោលព្រំដែនព្រៃលិចទឹកតំបន់ ៣ ស្ថិតក្នុងឃុំពាមឆ្កោក បានបោះចំទីតាង ក្នុងនោះមាននៅឈរត្រង់ល្អភាគច្រើន មួយចំនួនដួលរលំ និងបាត់មួយចំនួនផងដែរ ។
- ផ្ទៃដីក្នុងដែនព្រៃលិចទឹកតំបន់ ៣ នៅតែមានប្រជាពលរដ្ឋបន្តចូលប្រើប្រាស់ អាស្រ័យផល និងទន្ទ្រានថ្មី នៅតំបន់ខ្លះ និងមានករណីជីកស្រះចិញ្ចឹមត្រី ជីកយកអាចម៍ដី និងប្រឡាយទឹក ទោះបីមានការហាមឃាត់តឹងរឹងពីអាជ្ញាធរដែនដីក៏ដោយ ។
សូមជម្រាបជូនថា ៖ សកម្មភាពចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក្រុមការងារជំនាញបច្ចេកទេសដឹកនាំដោយ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាបនឹងបន្តចុះសិក្សាបន្ថែមទៀតរហូតបញ្ចប់តាមផែនការគ្រោងទុក ។
សកម្មភាពខាងលើនេះ មានគោលបំណងសំខាន់ដើម្បី ៖
- តាមដាន ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់និយាមកាបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់ ៣
- សហការសម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីចុះអធិការកិច្ចលើរាល់គ្រប់សកម្មភាពពាក់ព័ន្ធដែនព្រៃលិចទឹក និងព្រៃលិចទឹក
- ពិនិត្យ ជួសជុល និងថែទាំ ឬ ដាំបង្គោលព្រំ និងស្លាកសញ្ញាការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក
- ចូលរួមគ្រប់សកម្មភាពការពារធនធានធម្មជាតិ ពិសេសព្រៃលិចទឹក និងដែនព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕