កាលពីថ្ងៃអង្គារ ៤កើត ដល់ ថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ដល់ ១៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិបានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសចុះសិក្សាស្តីពី បម្រែបម្រួលធនធានជលផលនៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ នៅតំបន់ចុងឃ្នៀស ខេត្តសៀមរាប និង តំបន់ព្រែកទាល់ ខេត្តបាត់ដំបង ។
ការចុះសិក្សានេះ ក្រុមការងារបានធ្វើលើ ៖
ទី ១/. សម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា
ទី២/. ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ, វាស់គុណភាពទឹកបឋម និងពិនិត្យលើលំនៅដ្ឋានធនធានជលផលនៅរដូវប្រាំង ។
ជាមួយនឹងសកម្មភាពក្រុមការងារចុះសិក្សានៅតំបន់ខាងលើ និងតំបន់ពាក់ព័ន្ធ ជាលទ្ធផលបឋមបង្ហាញថា ៖
១. រកឃើញប្រភេទត្រីចំនួន ៣៥ ប្រភេទ តាមរយៈការនេសាទដោយប្រើប្រាស់នូវឧបករណ៍ចំនួន ២ ប្រភេទ គឺឧបករណ៍មងរាយ និងបរ ។
២. ធនធានក្រៅពីត្រីមានចំនួន ៦ ប្រភេទ និងការប្រើប្រាស់ធនធានត្រីសម្រាប់វារីវប្បកម្មនៅក្នុងតំបន់សិក្សា ។
៣. ការវាស់សំណាកគុណភាពទឹកដោយឧបករណ៍ស្វ័យប្រវត្តិនៅតាមតំបន់សិក្សា រួមមាន៖ កម្រិតភាពថ្លានៃទឹក, អុកស៊ីសែនរលាយក្នុងទឹក(DO), ប៉េហាស (pH), កម្រិតកម្ពស់ទឹក, សីតុណ្ហភាពទឹកបឹង និងកម្រិតស្លែ និងកកររបស់ទឹកបឹង ព្រមទាំងការពិនិត្យភាពសម្បូរនៃប្លង់តុង (ប្លង់តុងរុក្ខជាតិ និងប្លង់តុងសត្វ) ។
សូមជម្រាបជូនថាៈ សកម្មភាពចុះសិក្សាស្តីពី បម្រែបម្រួលធនធានជលផលនៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តបាត់ដំបង គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប ។
សកម្មភាពខាងលើនេះ មានគោលបំណង៖
- តាមដាន និងវាយតម្លៃប្រភេទធនធានជលផលទៅតាមប្រភេទឧបករណ៍នេសាទក្នុងទីតាំងសិក្សា
- បច្ចុប្បន្នភាពប្រភេទ និងលក្ខណៈជីវសាស្ត្រធនធានជលផលតាមប្រភេទទីជម្រក ចំណី និងបរិស្ថានទឹក (វាយតម្លៃបឋមលើគុណភាពទឹកតាមទីតាំងចុះសិក្សា)
- វាយតម្លៃប្រភេទធនធានជលផលនៅតាមដងទន្លេសាប (កណ្តាល-ភ្នំពេញ-កំពង់ឆ្នាំង) នៅឡូតិ៍ដាយត្រី និងតំបន់ពាក់ព័ន្ធ
- វាយតម្លៃលើការបន្លាស់ទីធនធានជលផលតាមស្ទឹង និងលក្ខណៈជីវសាស្ត្ររបស់ត្រី និងក្រៅពីត្រី ។