ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ​លើ កាកសំណល់​ឧបករណ៍​នេសាទ នៅក្នុង​ភូមិ​បណ្ដែត​ទឹក​កំពង់​លួង ខេត្តពោធិ៍សាត់

​នា​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែកុម្ភ​: ឆ្នាំ​២០២៤ ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​លើ កាកសំណល់​ឧបករណ៍​នេសាទ​នៅក្នុង​ភូមិ​បណ្ដែត​ទឹក​កំពង់​លួង ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ 

​ជា​លទ្ធផល​ក្រុមការងារ​ទទួលបាន :
១- ជួប​ជាមួយ​អាជ្ញាធរ​ដែនដី ពិភាក្សា​អំពី​ការ​ទុកដាក់​សំរាម​(​ឧបករណ៍​នេសាទ​) របស់​ប្រជាជន លើ​ភូមិ​បណ្ដែត​ទឹក​ឃុំ​កំពង់​លួង​
២-​ជួប​សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ​ពាក់ព័ន្ធ និង​ការប្រើប្រាស់​ឧបករណ៍​នេសាទ តម្លៃ​ទិញ​ចូល អាយុកាល​ប្រើប្រាស់ និង​របៀប​គ្រប់គ្រង​កាកសំណល់​ឧបករណ៍​នេសាទ ក្រោយពេល​ផុត​អាយុកាល​ប្រើប្រាស់​។​
៣- ជួបពិភាក្សា​អាជីវករ​លក់ដូរ​ឧបករណ៍​នេសាទ​លើ​ភូមិ​បណ្ដែត​ទឹក ដឹង​ពី​តម្លៃ​ទីផ្សារ​ប្រភេទ​ឧបករណ៍​នីមួយៗ និង​ឧបករណ៍​ដែល​ពេញនិយម​ដូចជា បរ មង និង​អ៊ុយ ជាដើម​។​

​សូមបញ្ជាក់ថា​សកម្មភាព​ខាង​លេ​ី​នេះ​មាន​គោលបំណង ៖ 
- សិក្សា​វាយតម្លៃ​លើ​ប្រភេទ​ឧបករណ៍​នេសាទ​ដែល​ប្រជា​នេសាទ​ពេញនិយម​ក្នុងការ​ប្រើប្រាស់​ចំនួន​បី​ប្រភេទ រួមមាន ប្រភេទ​ឧបករណ៍​នេសាទ បរ  មង និង​អ៊ុយ និង​សិក្សា​វាយតម្លៃ​លើ​ប្រភេទ​ឧបករណ៍​នេសាទ​ដែល​ប្រជាជន​ប្រើប្រាស់ ជា​លក្ខណៈ​គ្រួសារ​។​
- សិក្សា​ពី​លំហូរ នៃ​ផលប៉ះពាល់​បណ្ដាលមកពី​ឧបករណ៍​នេសាទ​ទៅលើ​អេកូ​ស៊ី​ស្ទែ​ម​បឹង​រួមជាមួយ​នឹង​តម្លៃ​សេដ្ឋកិច្ច ទៅលើ​ប្រភេទ​ឧបករណ៍​នេសាទ​នីមួយៗ និង​រយៈពេល​នៃ​ការប្រើប្រាស់​។​
- ការបញ្ជ្រាប និង​លើកកម្ពស់​ការយល់ដឹង ស្ដីពី ផលប៉ះពាល់​នៃ​កាកសំណល់​ឧបករណ៍​នេសាទ​ដល់​ប្រជា​នេសាទ ប្រជាជន​ដែល​រស់​នៅលើ​ភូមិ​បណ្ដែត​ទឹក​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​។