កិច្ចប្រជុំ​ប្រជុំ​គណៈកម្មាធិការ និង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស សម្របសម្រួល​ការគ្រប់គ្រង​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ស្តីពី​កិច្ច​ពិគ្រោះ​យោបល់ និង​ប្រមូល​ធាតុ​ចូល​សម្រាប់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ២០២៤-២០២៨ ដែល​ដឹកនាំ

​នា​ថ្ងៃ​ចន្ទ ១០​កើត  ដល់​ថ្ងៃ​អង្គារ ១១​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​នាយកដ្ឋាន ធនធានធម្មជាតិ តំណាង​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ទស្សនកិច្ច ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ព្រែក​ទាល់ និង​កិច្ច​ពិគ្រោះ​យោបល់​ផែនការ​យុទ្ធសាស្ត្រ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប សិ្ថ​ត​នៅ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ 

​ដំណើរ​ទស្សនកិច្ច និង​កិច្ច​ពិគ្រោះ​យោបល់​នេះ​មាន​គោលបំណង ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​លើ​បរិស្ថាន ជីវៈចម្រុះ ការគ្រប់គ្រង​សំណល់​រឹង និង​រាវ ទឹកស្អាត​និង​អនាម័យ និង​ដើម្បី​ប្រមូល​មតិយោបល់​ពី​សហគម​ន៍ អង្គការ​ដៃគូ​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​កសាង​ផែនការ​យុទ្ធសាស្ត្រ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ២០២៤-២០២៨​។​

​ជាមួយនឹង​កិច្ច​ពិគ្រោះ​យោបល់​លើ​ផែនការ​យុទ្ធសាស្ត្រ​នេះ ត្រូវបាន​កំណត់​របៀប​វារៈ​ជា​អាទិភាព​លើ​ប្រាំមួយ​ចំណុច​៖ (១) អភិបាលកិច្ច​និង​ការគ្រប់គ្រង​, (២) ការបំពុល​បរិស្ថាន (៣) ធនធានធម្មជាតិ និង​ជីវៈចម្រុះ (៤) ជីវភាព​រស់នៅ (៥) ជលសា​ស្ត្រ និង​(៦) ការគ្រប់គ្រង​ការប្រើប្រាស់​ដី ដោយ​ប្រើ​វិធីសាស្ត្រ​ការវិភាគ SWOT (​ភាពខ្លាំង ភាព​ខ្សោយ ឱកាស និង​ការ​គម្រាមកំហែង )  

​ជា​លទ្ធផល​សង្ខេប​សំខាន់​បឋម​មាន​ដូចតទៅ​៖
-  ភាពខ្លាំង​៖ ​ឯកសារ​គតិយុត្ត​នានា​គាំទ្រ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​, ទីជម្រក​ដែន​សត្វ​ស្លាប និង​ជីវៈចម្រុះ​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ។​ល​។​
-  ភាព​ខ្សាយ​៖ ​ខ្វះ​ទឹកស្អាត​, ខ្វះ​សមាហរណកម្ម​ផែនការ​យុទ្ធសាស្ត្រ ពី​អន្តរ​ភាគី​ពាក់ព័ន្ធ​, ការអនុវត្ត​ភារកិច្ច​ត្រួតស៊ីគ្នា ដោយ​មិនទាន់បាន​ចែករំលែក​ទិន្នន័យ ព័ត៌មាន និង​សកម្មភាព​, ការប្រែប្រួល​អាកាសធាតុ​, ការគ្រប់គ្រង​សំណល់​រឹង​រាវ​។​ល​។​
-  ឱកាស​៖គោលនយោបាយ​គាំទ្រ​រាជរដ្ឋាភិបាល​ច្បាស់លាស់​, នឹងមាន​ឱកាស​រៀបចំ​ផែនការ​យុទ្ធ​សា​ស្ត្ត​្រ​រួមគ្នា​គ្រប់​ជ្រុងជ្រោយ​, បង្កើត​មុខរបរ និង​ការងារ​ដល់​ប្រជា​សហគមន៍ ។​ល​។​
-  ការ​គម្រាមកំហែង​៖ ​ការកាប់​ទន្ទ្រាន និង​ដុត​ព្រៃ​លិច​ទឹក​, ការប្រែប្រួល​របប​ជលសា​ស្ត្រ​, ការថយចុះ​បរិមាណ​និង​ពូជ​ជីវៈចម្រុះ ។​ល​។