នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារយេនឌ័រ នៃនាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ ដឹកនាំដោយ លោកស្រីទេស សុដាវី អនុប្រធាននាយកដ្ឋាន បានបន្តអនុវត្តន៍សកម្មភាព ស្តីពីការចុះសិក្សាស្វែងយល់ពីការយល់ដឹងយេនឌ័រឱ្យស្គាល់ពីអត្ថប្រយោជន៍ធនធានធម្មជាតិ នៅតំបន់បឹងទន្លេសាប ស្ថិតនៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ការអនុវត្តសកម្មភាពខាងលើមានដូចជា៖
- ជួបជាមួយអាជ្ញាធរមូលដ្ឋានប្រមូលព័ត៌មាន-ទិន្នន័យពាក់ព័ន្ធយេនឌ័រ
- ជួប និងពិភាក្សាពីតួនាទី ភារកិច្ចរបស់ស្ត្រី និងបុរស និងបញ្ហាយេនឌ័រពាក់ព័ន្ធនឹងការអនុវត្តការងារក្នុងការគ្រប់គ្រងធនធានធម្មជាតិ
- បញ្ជ្រាប និងពង្រឹងការយល់ដឹងយេនឌ័រឱ្យស៊ីជម្រៅពីការអនុវត្តអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃ ការរើសអើងប្រឆាំងនឹងនារីភេទ
- សិក្សាស្វែងយល់ពីការយល់ដឹងក្នុងការចូលរួម របស់យេនឌ័រលើគ្រប់គ្រង ការពារធនធានធម្មជាតិ និងការ អាស្រ័យផលនៅក្នុងតំបន់ជុំវិញបឹងទន្លេសាប
- សិក្សាលើចំនួនប្រជាជនយល់ដឹងពីសារៈប្រយោជន៍ធនធានធម្មជាតិរបស់បឹងទន្លេសាប
- សម្ភាសន៍ក្រុមប្រឹក្សាឃុំទទួលបន្ទុកការរងារយេនឌ័រ។
ការអនុវត្តសកម្មភាពខាងលើទទួលបានលទ្ធផលដូចខាងក្រោម៖
១. បានផ្សព្វផ្សាយអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ
២. បានបញ្ជ្រាប និងពង្រឹងការយល់ដឹងពីយេនឌ័រ ជូនដល់អាជ្ញាធរមូលដ្ឋាន ពីគុណតម្លៃ សារៈប្រយោជន៍ធនធានធម្មជាតិ និងការអាស្រ័យផល របស់ប្រជាជននៅតំបន់ បឹងទន្លេសាប
៣. បានចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការអនុវត្តការងារយេនឌ័រដោយសមត្ថភាព សមធម៌ជូន ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យស្ត្រីមានសិទ្ធិ និងបង្កើនស្មារតីស្ត្រីចូលរួមបញ្ចេញមតិ ការសម្រេចចិត្ត មិនមានភាពរើសអើង ដែលពាក់ព័ន្ធក្នុងការគ្រប់គ្រង អភិរក្ស និងការពារធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប។
សូមជម្រាបជូនថាៈ សកម្មភាពចុះសិក្សាស្វែងយល់ពីការយល់ដឹងយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ មានគោលបំណងឱ្យស្ត្រី និងបុរស មានការចូលរួមក្នុងការគ្រប់គ្រង ការពារធនធានធម្មជាតិដោយសមធម៌ និងឱ្យយល់ដឹងពីសារៈប្រយោជន៍ និងផលប្រយោជន៍ពីធនធានធម្មជាតិក្នុងតំបន់ជុំវិញបឹងទន្លេសាបប្រកបដោយនិរន្តរភាព។