អនុលោមតាមការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអគ្គលេខាធិការដ្ឋាន គណៈកម្មាការជាតិទន្លេមេគង្គកម្ពុជា មានកិច្ចប្រជុំពិភាក្សា ស្តីពីការផ្ទេរការគ្រប់គ្រងលេខាធិការដ្ឋានឋបនីយជីវមណ្ឌលបឹងទន្លេសាប រវាងថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប ដឹកនាំដោយឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម ជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដឹកនាំដោយ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ និងមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាននាយកដ្ឋានជំនាញបច្ចេកទេស នៃស្ថាប័នទាំងពីរ ផងដែរ ។សូមបញ្ជាក់ផងដែរថា លេខាធិការដ្ឋានឋបនីយជីវមណ្ឌលបឹងទន្លេសាប បង្កើតឡើងនៅឆ្នាំ ២០០១ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៧០ ហើយបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រង របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ។ ដោយពិនិត្យឃើញថា កិច្ចការសម្របសម្រួលដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប មានសង្គតភាព និងស្របជាមួយដែនសមត្ថកិច្ច បេសកកម្ម និងភារកិច្ចទទួលខុសត្រូវរបស់អាជ្ញាធរទន្លេសាប ជាពិសេសស្របទៅនឹងដំណើរការកំណែទម្រង់ស៊ីជម្រៅរដ្ឋបាលសាធារណៈ និងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានប្រជុំពិភាក្សា និងឯកភាពគ្នាក្នុងការផ្ទេរឋបនីយជីវមណ្ឌលបឹងទន្លេសាបឱ្យមកស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរទន្លេសាបវិញ និងបានពិភាក្សាពិនិត្យលើផ្លូវច្បាប់ និងបច្ចេកទេស ដើម្បីដាក់ប្រជុំពិភាក្សាជាមួយអន្តរក្រសួង-ស្ថាប័ន ដែលជាសមាជិកនាពេលខាងមុខ។