ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ និង ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ធ្វើ​ការចុះ​ផ្សព្វផ្សាយ ការបោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្

​នា​ថ្ងៃ​ពុធ ១១​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ និង ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ធ្វើ​ការចុះ​ផ្សព្វផ្សាយ ការបោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង ស្រុក​ជល​គី​រី និង​ស្រុក​បរិបូណ៌ នៃ​កំពង់ឆ្នាំង និង​ក្នុងភូមិ​សាស្ត្រ​ស្រុក​មោងឫស្សី ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ និង​ស្រុក​ថ្មគោល នៃ​ខេត្តបាត់ដំបង ។​

​គោលបំណង​នៃ​កិច្ចប្រជុំ ផ្សព្វផ្សាយ​ខាងលើ​ផ្ដោត​សំខាន់​លើ ការចុះ​បោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ទៅកាន់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ភូមិ​/​ឃុំ​/​ស្រុក ដែល​ពាក់ព័ន្ធ​នឹង​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ផ្ដល់​កិច្ចសហការ និង​ចូលរួម​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ឯកឧត្តម អគ្គលេខាធិការ ក៏បាន​សង្កត់ធ្ងន់​លើ​សារ​:​សំខាន់​នៃ​បឹង​ទន្លេសាប ដែលជា​អត្តសញ្ញាណ​ជាតិ​មិនអាច​កាត់ថ្លៃ​បាន និង​កត្តា​ប្រឈម​នានា ដែល​បាន និង​កំពុង​ជះឥទ្ធិពល​គម្រាមកំហែង​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ជាពិសេស សកម្មភាព​ក្នុងការ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ធ្វើ​កសិកម្ម និង​ការនេសាទ​ខុសច្បាប់  ជាដើម​។​

​សូមបញ្ជាក់​ជូន​ថា​: អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​ឱ្យ​រាជរដ្ឋាភិបាល ដែលមាន​ភារកិច្ច​ក្នុងការ​តាមដាន ត្រួតពិនិត្យ អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក បានធ្វើ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ពិនិត្យ ផ្ទៀងផ្ទាត់​ទិន្នន័យ​-​ព័ត៌មាន និង​ផែនទី ក្នុងការ​កំណត់​តំបន់​១ តំបន់​២ និង​តំបន់​៣ រួម​នឹង ការចុះ​បោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ព្រៃ​លិច​ទឹក នៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ស្របតាម​គោលការណ៍ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប អោយ​ប្រកបដោយ ប្រសិទ្ធភាព សុក្រឹតភាព និង​ចីរភាព ៕