នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវវាយតម្លៃផលចាប់ នៃធនធានត្រី ស្ថិតនៅក្នុងភូមិសាស្ត្រឃុំកំពង់ត្រឡាច ឃុំសែប ស្រុកកំពង់ត្រឡាច, ឃុំទឹកហូត ស្រុករលាប្អៀរ, ឃុំកោះថ្កូវ ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ការចុះសិក្សាស្រាវជ្រាវនេះ ក្រុមការងារបានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ ដែលធ្លាប់បានបណ្តុះបណ្តាល ដើម្បីប្រមូលទិន្នន័យដូចជា: ១/.ស្ថិតិគ្រួសារចេញធ្វើនេសាទនៅក្នុងខែមីនា, ២/.ប្រភេទឧបករណ៍ប្រើប្រាស់ក្នុងការចាប់ត្រី, ៣/.ចំនួនថ្ងៃចេញនេសាទក្នុងខែ, ៤/.ផលចាប់មួយឧបករណ៍ ក្នុងមួយថ្ងៃ, ៥/.តម្លៃផលនេសាទគិតតាមប្រភេទត្រីលេខ១,២ និងលេខ៣, ៦/. ធ្វើការប្រៀបធៀប ផលនេសាទមានការកើនឡើង ឬថយចុះទៅនឹងឆ្នាំមុន។ល។
គម្រោង/សកម្មភាពខាងលើមានគោលបំណង:
- គ្រប់គ្រងស្ថិតិផលនេសាទ តាមបែបវិទ្យាសាស្ត្រ ដែលបានចូលរួមក្នុងវិស័យសេដ្ឋកិច្ចជាតិ។
- មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ក្នុងការចូលរួមជាមតិថ្នាក់ជាតិ ចំណាប់អារម្មណ៍កំណត់គោលនយោបាយក្នុងការគ្រប់គ្រងវិស័យជលផលឱ្យមាននិរន្តរភាព។
- មានទិន្នន័យសម្រាប់ធ្វើការប្រៀបធៀបទៅនឹងលទ្ធផលពីអតីតកាល។