ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្តីពី សក្តានុពល​ធនធានទឹក​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិតក្នុង​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង

​កាល​ថ្ងៃ​ចន្ទ ៩​រោច ដល់​ថ្ងៃ​សុក្រ ១៣​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៤ ដល់ ៨ ខែមីនា ឆ្នាំ​២០២៤ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ស្តីពី សក្តានុពល​ធនធានទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ក្នុងស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។​

​គោលបំណង​នៃ​ការចុះ​សិក្សា​រួមមាន​៖
១. បន្ត​ការតាមដាន និង​បច្ចុប្បន្នភាព​របប​ជលសា​ស្ត្រ​-​ឧតុនិយម​ក្នុង​ទឹក​បឹង​ទន្លេសាប (១១​ស្ទឹង និង​បឹង​ទន្លេសាប​)
២. បន្ត​វាយតម្លៃ​បរិមាណ​លំហូរ​ទឹក​/​ធារទឹក​ស្ទឹង​នៅតាម​បណ្តា​អាង​ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ 
៣. បន្ត​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ​នៅក្នុង​អាង​ស្ទឹង និង​ស្វែងរក​ប្រភព​ធនធានទឹក លទ្ធភាព​ប្រើប្រាស់ ព្រមទាំង​វាយតម្លៃ​លើ​ការគ្រប់គ្រង​ធនធានទឹក​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។​

​ជា​លទ្ធផល​របស់​ក្រុមការងារ​ដែល​បាន​ចុះ​សិក្សា​បឋម​មាន​ដូចខាងក្រោម​:
១- ស្រុក​បរិបូណ៌​មាន​ប្រព័ន្ធធារាសាស្ត្រ​ខ្នាត​ធំ មធ្យម និង​តូច សរុប​ចំនួន ៦ ប្រព័ន្ធ ។​
២- បច្ចុប្បន្ន​របប​ទឹកស្ទឹង​បរិបូណ៌​នា​រដូវប្រាំង ត្រូវបាន​គោក​រីងស្ងួត​ដោយ​កន្លែង នៅតាម​ដងស្ទឹង ជាពិសេស​ផ្នែក​ខាងក្រោម​ប្រព័ន្ធធារាសាស្ត្រ​ទំនប់​រំហាច និង​ទំនប់​អា​ចាង ។​
៣- ប្រព័ន្ធធារាសាស្ត្រ​មួយចំនួន​ត្រូវការ​ស្តារ និង​ជួសជុល​ឡើងវិញ ព្រមទាំង​សាងសង់​បន្ថែម ដើម្បី​ធានាបាន​នូវ​និរន្តរភាព​ទឹកស្ទឹង​ទៅ​ពេលអនាគត ។ 
៤- ផលប៉ះពាល់​លំហូរ​ទឹក និង​ធារទឹក​ស្ទឹង​ដោយផ្ទាល់ និង​ប្រយោល គឺ​ដោយសារតែ​ការប្រែប្រួល​របប​ទឹកភ្លៀង និង​ការប្រែប្រួល​អាកាសធាតុ​។​
៥- ការងារ​បង្កបង្កើនផល​ស្រូវ​របស់​ប្រជាកសិករ​នៅក្នុង​តំបន់​សិក្សា ត្រូវបាន​ប្រមូល​ផល​ស្ទើរ​រួចរាល់ ឬ​បាន​ប្រមាណ​ជា ៩០% នៃ​ផ្ទៃដី​សរុប​ក្នុង​តំបន់​សិក្សា ។​
៦- ចំណែកឯ ស្រូវប្រាំង​ដែល​នៅ​សេសសល់ ឬ​មិនទាន់​ប្រមូល​ផល គឺ​ស្រូវ​ស្រែ​ធ្វើឡើង​ក្នុងដំណាក់កាល​ទី ២ និង​ដំណាក់កាល​ទី ៣ ព្រោះ​ស្រែ​នៅ​ជិត​ប្រភពទឹក និង​ស្រែ​អាស្រ័យ​ផល​មួយចំនួនទៀត​នៅក្នុង​អាងទឹក ។​
៧- បច្ចុប្បន្ន​មានការ​ទាញយក​ធនធាន​រ៉ែ​ខ្សាច់​នៅតាម​ដងស្ទឹង និង​ខ្សាច់​បក ។