តបតាមការអញ្ជើញរបស់អង្គការ OXFAM និងបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នារសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម និងលោក ហេង បូរាណ ជំនួយការឯកឧត្តមអនុប្រធានក្តាប់រួម បានចូលរួមចែករំលែកការយល់ដឹងលើទស្សនៈវិស័យយុទ្ធសាស្ត្រ របស់អាជ្ញាធរទន្លេសាបក្នុងការគ្រប់គ្រងបឹងទន្លេសាប ក្នុងកិច្ចប្រជុំការអភិវឌ្ឍន៍សមត្ថភាពទិន្នន័យនយោបាយទឹក ក្រោមកម្មវិធីអភិបាលកិច្ចទឹកតំបន់មេគង្គ ដែលបានប្រព្រឹត្តិទៅនៅ Palace Gate Hotel & Resort, Phnom Penh និងមានការចូលរួមពីក្រុមមន្ត្រីគ្រប់គ្រងកម្មវិធីអភិបាលកិច្ចមេគង្គ OXFAM ។
សូមជម្រាបថា កិច្ចប្រជុំខាងលើ មានគោលបំណង (១). លើកកម្ពស់សមត្ថភាពក្រុមមន្ត្រី ក្នុងការគាំទ្រភាគី/សហគមន៍គោលដៅពាក់ព័ន្ធ ឱ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ទិន្នន័យ និងចំណេះដឹង សម្រាប់ការទ្រទ្រង់ជីវភាពរស់នៅ និងភាពធន់ និងលទ្ធភាពក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយអ្នកប្រើប្រាស់/សហគមន៍ផ្សេងទៀត (២).ធានាបាននូវគណនេយ្យភាពខ្ពស់ និងទំនួលខុសត្រូវរាល់សកម្មភាពអនុវត្តន៍ ព្រមជាមួយការធ្វើឱ្យប្រសើរឡើងនូវការអន្តរាគមន៍នៃវដ្តជីវិតដែលពាក់ព័ន្ធប្រកបដោយនិរន្តរភាព។
ជារួម បន្ទាប់ពីការចូលរួមចែករំលែកគំនិតទស្សនៈទានរបស់ថ្នាក់ដឹកនាំ អាជ្ញាធរទន្លេសាប ចំពោះផែនការយុទ្ធសាស្ត្ររយៈពេលវែង របស់អាជ្ញាធរទន្លេសាប ជាមួយនឹងការគ្រប់គ្រងបឹងទន្លេសាប ដោយបន្ស៊ីជាមួយគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ អង្គប្រជុំ បានយកចិត្តទុកដាក់ និងចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងកិច្ចការដំណើរការការងាររបស់អាជ្ញាធរទន្លេសាប បាននិងកំពុងគិតគូរដោយហ្មត់ចត់ចំពោះវិធានការការពារថែរក្សា អភិរក្ស និងគ្រប់គ្រងធនធានទឹក ធនធានធម្មជាតិ និងបរិស្ថាននៅតំបន់បឹងទន្លេសាប ដែលបច្ចុប្បន្នបឹងទន្លេសាប បាននិងកំពុងតែទទួលរងនូវផលប៉ះពាល់បណ្តាលមកពីការអភិវឌ្ឍន៍ហួសកម្រិត វិសមភាពនៃការទាញអត្ថប្រយោជន៍ និងបម្រែបម្រួលអាកាសធាតុ ។ ក្នុងនោះដែរ អង្គប្រជុំក៏បានគិតគូរ នឹងរៀបចំនូវកម្មវិធីការងារក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អាជ្ញាធរទន្លេសាប ដើម្បីចូលរួមចំណែកគាំទ្រដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទន្លេសាបប្រកបដោយចីរភាព៕