នាព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងជា ប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារជាលើកដំបូង របស់ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នៅទីស្តីការក្រសួង ក្បាលថ្នល់ ។
ឯកឧត្តមរដ្ឋមន្ត្រី និងជា ប្រធានអាជ្ញាធរទន្លេសាប បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន វិស័យធនធានទឹក និងឧតុនិយម សម្រេចបាននូវសមិទ្ធិផលជាច្រើននៅក្នុងឆ្នាំ២០២៣ និងបានចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តអាទិភាពគន្លឹះយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា “មនុស្ស ផ្លូវ ទឹក និង ភ្លើង” និងក្នុងអាណត្តិថ្មីនេះ បាននិងកំពុងបន្តដាក់ចេញនូវអាទិភាពគន្លឹះចំនួន៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ក្រោមការដឹកនាំប្រកបដោយសក្តានុពលរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងជា ប្រធានអាជ្ញាធរទន្លេសាប បានសង្កត់ធ្ងន់ថា វិស័យធនធានទឹក មិនត្រឹមតែបម្រើឱ្យការងារស្រោចស្រពដំណាំកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែវិស័យធនធានទឹក បាននិងកំពុងបម្រើដល់គ្រប់វិស័យដែលពាក់ព័ន្ធ ដែលតម្រូវឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួមសហការគាំទ្ររួមមាន ៖ ក្រសួងបរិស្ថាន ក្រសួងសាធារណ:ការ និងដឹកជញ្ជូន ក្រសួងរ៉ែនិងថាមពល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងឧស្សាហកម្ម ក្រសួងទេសចរណ៍ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាដេីម ។
ឯកឧត្តមរដ្ឋមន្ត្រី និងជា ប្រធានអាជ្ញាធរទន្លេសាប បានបញ្ជាក់ផងដែរថា លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣ នឹងក្លាយជាកម្លាំងចលករជម្រុញការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ ដើម្បីបន្តអនុវត្តផែនការការងារសម្រាប់ឆ្នាំបន្តបន្ទាប់៕