សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ច្បាប់​ទឹក​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​តំបន់

នា​ថ្ងៃទី ២១ - ២២ ខែកញ្ញា ឆ្នាំ ២០១៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ច្បាប់​ទឹក​អន្តរជាតិ និង​កិច្ចសហ ប្រតិបត្តិការ​តំបន់ ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សហការ​ជាមួយ​អង្គការ​អន្តរជាតិ IUCN នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង​-​ស្ថាប័ន​ជាតិ និង​មន្ត្រី IUCN សរុប ចំនួន 30 រូប​។ សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង (១) ផ្សព្វផ្សាយ​ជូន​នូវ​ឯកសារ​ស្តីពី​ការចូល​ជាធរ​មាននៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ប្រភពទឹក​ឆ្នាំ​១៩៩៧ ( UN Watercourses Convention ), (២) ពិភាក្សា​លើ​ខ្លឹមសារ​នៃ​ឯកសារ​ជា​ជំនួយ​ដល់​អភិបាលកិច្ច​ទឹក​ក្នុង​អាង​ទន្លេមេគង្គ ( ការវិភាគ​ទិដ្ឋភាព​ច្បាប់​ក្នុង​អនុសញ្ញា​នេះ សម្រាប់​អនុវត្ត​បន្ថែម​លើ​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ ១៩៩៥ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ទឹក​ឆ្លងដែន​ក្នុង​អាង​ទន្លេមេគង្គ ) ។​
​ជា​លទ្ធផល​សិក្ខាកាម បាន​យល់​ជ្រួតជ្រាប​ពី​អនុសញ្ញា​អង្គការសហប្រជាជាតិ ឆ្នាំ 1997 មានតម្លៃ​បំពេញបន្ថែម​ចំពោះ​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​1995 សម្រាប់​ការអភិវឌ្ឍន៍​ដើម្បី​ធានាបាន​នូវ​កិច្ចសហ ប្រតិបត្តិការ​ល្អ ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​សមធម៌​និង​ចីរភាព ព្រមទាំង​បង្ការ​ផលប៉ះ ពាល់​អាក្រក់​និង​ការពារ​បរិស្ថាន​ធម្មជាតិ​ក្នុង​អាង​ទន្លេមេគង្គ​។​