ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​ក្នុង​វេទិកាសាធារណៈ​នៅ​ ​ខេត្តបន្ទាយមានជ័យ

នា​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិកាសាធារណៈ​នៅ​ភូមិ​ឃី​ឡិ​ក ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព​ឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី​។ កម្មវិធី​នៃ​វេទិកាសាធារណៈ​នេះ ធ្វើឡើង​ដោយបាន​ផ្សារភ្ជាប់​នឹង​កម្មវិធី​គម្រោង​ឧបត្ថម្ភ​ស្បៀង​បន្ទាន់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​ថ្នាក់ជាតិ អភិបាលរង​ខេត្ត អភិបាលរង​ស្រុក ក្រុមប្រឹក្សា អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ តំណាង​សហគមន៍​កសិករ​គំរូ សហគមន៍​អ្នកប្រើប្រាស់​ទឹក សហគមន៍​ក្រុម​សន្សំ​ប្រាក់ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​។ ឯកឧត្តម ប្រធាន​អង្គប្រជុំ បានបង្ហាញ​ជូន​អំពី​ដំណើរការ​នៃ​គម្រោង និង​ផែនការ​សកម្មភាព​ដែល​ត្រូវអនុវត្ត​បន្ត និង​ស្តាប់​នូវ​សំណូមពរ​របស់​ប្រជាកសិករ​ព្រមទាំង​បាន​ចូលរួម​ថវិកាបដិភាគ​ក្នុងការ​ស្នើសុំ​ស្តារ​ប្រឡាយ​ប្រវែង ១,៥០០​ម៉ែត្រ ដែល មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​បន្ទាយ​នាង​។