ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សន្ទនា​ជាមួយ ដៃគូ​អភិវឌ្ឍន៍ ស្តីពី ការប្រែប្រួល​អាកាសធាតុ​ និង​ផែនការ​បន្សាំ​ថ្នាក់​សហគមន៍នៅខេត្តសៀមរាប

នា​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៦ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សន្ទនា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ស្តីពី ការប្រែប្រួល​អាកាសធាតុ និង​ផែនការ​បន្សាំ​ថ្នាក់​សហគមន៍ នៅ​សណ្ឋាគារ អ​ប្សា​រា​អង្គរ ខេត្តសៀមរាប ក្រោម​ការសម្របសម្រួល និង​ដឹកនាំ​ដោយ វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ក្រោម​ហិរញ្ញវត្ថុ​ពី IDRC នៃ​ប្រទេស​កាណាដា ។ កិច្ចប្រជុំ​សន្ទនា​នេះ ផ្អែកលើ​លទ្ធផល​កិច្ច​សិក្សា​ស្រាវជ្រាវ​គម្រោង​បន្សាំ​ការប្រែប្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​កម្ពុជា ដែល​សិក្សា​នៅ​អាង​ទន្លេសាប និង​ការចុះ​ទស្សនៈកិច្ច​សិក្សា បណ្តុះបណ្តាល​ថ្នាក់​សហគមន៍ ។​
​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ ៖
- ចែករំលែក​គម្រោង​ស្នើសុំ និង​ផែនការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​របស់​សហគម​ន៍ និង​សំណើ​ស្រាវជ្រាវ​នៃ​អាង​រងទឹក​ភ្លៀង​ស្ទឹង​ចំនួន ៣ (​ស្ទឹង​ជ្រៃ​បាក់ ស្ទឹង​ពោធិ៍សាត់ និង​ស្ទឹង​ជី​និ​ត​) រួមជាមួយ​និង​ការចូល​រួមគំនិត​ទូលំទូលាយ​ពី​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​
- សម្របសម្រួល​ឲ្យ​មានការ​ចូលរួម និង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយនឹង​អ្នកបង្កើត​គោលនយោបាយ និង​ដៃគូ​អភិវឌ្ឍន៍ ក្នុងការ​ដាក់បញ្ចូល​គោលនយោបាយ​ការប្រែប្រួល​អាកាសធាតុ ទៅក្នុង​យុទ្ធសាស្ត្រ និង​ការអភិវឌ្ឍន ។​