ថ្ងៃ ១១កើត ដល់ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ -២៦ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារកម្ពុជាដែលមានការចូលរួមពីអាជ្ញាធរទន្លេសាប, រដ្ឋបាលជលផល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំជំនាញផ្នែកបរិស្ថានថ្នាក់តំបន់ ស្តីពីរបាយការណ៍តាមដានភាពសម្បូរបែប និងភាពផ្សេងគ្នា នៃប្រភេទត្រី ឆ្នាំ ២០១៨-២០២២ និងឯកសារគោលនយោបាយជម្រើសការវិនិយោគ និងវិធានការពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មជលផល ក្រោមការផ្លាស់ប្តូរស្ថានភាពទន្លេថ្ងៃទី២៥-២៦ ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។
កិច្ចប្រជុំនេះមានគោលបំណង ៖
១. ចែករំលែករបកគំហើញ ក៏ដូចជាស្ថានភាព និងនិន្នាការនៃរបាយការណ៍តាមដានសម្បូរបែប និងភាពផ្សេងគ្នានៃប្រភេទត្រីក្នុងអាងទន្លេមេគង្គក្រោម សម្រាប់ឆ្នាំ ២០១៨-២០២២។
២. ពិភាក្សាលើការរួមបញ្ចូលទិន្នន័យការតាមដានភាពសម្បូរបែប និងភាពផ្សេងគ្នានៃប្រភេទត្រី ជាមួយការវាយតម្លៃទិន្នផលជលផលទៅតាមប្រភេទទីជម្រក និងការរួមចំណែកដល់របាយការណ៍ស្ថានភាពអាងទន្លេមេគង្គឆ្នាំ២០២៣។
៣. ប្រមូលមតិយោបល់ និងអនុសាសន៍ពីប្រទេស ជាសមាជិក ដើម្បីបង្កើនគុណភាពនៃរបាយការណ៍។
៤. ពិនិត្យ និងពិភាក្សាអំពី ឯកសារគោលនយោបាយជម្រើសការវិនិយោគ និងវិធានការពាក់ព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មជលផល ក្រោមការផ្លាស់ប្តូរស្ថានភាពទន្លេ។
៥. ពិភាក្សាអំពីជំហ៊ានបន្តដើម្បីអនុវត្តឯកសារគោលនយោបាយនេះ។