លោក ខូវ វេ​ង​សុង ប្រធានការិយាល័យ​ធនធាន​រ៉ែ និង​លោក ឃាន ច័ន្ទ​តារា អនុប្រធាន​ការិយាល័យ​ព័ត៌មាន​ភូមិសាស្ត្រ និង​ផែនទី បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ការដាក់​លេខ​កូដ​នាម​ភូមិសាស្ត្រ និង​ការប្រើប្រាស់​នៅ​កម្ពុជា នៅ​ទីស្តីការក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់

​នា​ថ្ងៃ​ពុធ ១១​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​២០២៣ លោក ខូវ វេ​ង​សុង ប្រធានការិយាល័យ​ធនធាន​រ៉ែ និង​លោក ឃាន ច័ន្ទ​តារា អនុប្រធាន​ការិយាល័យ​ព័ត៌មាន​ភូមិសាស្ត្រ និង​ផែនទី បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ការដាក់​លេខ​កូដ​នាម​ភូមិសាស្ត្រ និង​ការប្រើប្រាស់​នៅ​កម្ពុជា នៅ​ទីស្តីការក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រោម​អធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​មានការ​សម្របសម្រួល​ដោយ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ ដែលមាន​សិក្ខាកាម​ចូលរួម​មកពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​រាជធានី​-​ខេត្ត​ទាំង​២៥ ក្រុមហ៊ុន​ឯកជន  សរុប​អ្នកចូលរួម​ចំនួន ១៨០​រូប ។​

​សិក្ខាសាលា​នេះ​មាន​គោលបំណង ៖
១. ជម្រាបជូន​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​បាន​យល់​ពី​ការដាក់​លេខ​កូដ​នាម​ភូមិសាស្ត្រ​ត្រឹមត្រូវ​ឲ្យ​មានការ​ឯកភាពគ្នា​។ 
២. ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​ការប្រើប្រាស់​លេខ​កូដ​នាម​ភូមិសាស្ត្រ​ទូទាំងប្រទេស ។​

​ទន្ទឹមនឹងនេះ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើសុំ​គ្រប់​ក្រសួង​ស្ថាប័ន បន្ត​ផ្តល់​កិច្ចសហការ និង​ការប្រើប្រាស់​លេខ​កូដ​នាម​ភូមិសាស្ត្រ ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានកំណត់ និង​ប្រើប្រាស់​ដូច​មាននៅ​ក្នុង​បញ្ជីរាយនាម​ភូមិសាស្ត្រ ក្នុង​គោលដៅ​ធានាបាន​នូវ​ការឯកភាព និង​ស្តង់ដា​សម្រាប់​បម្រើអោយ​ការប្រើប្រាស់ ក៏ដូចជា​ការផ្លាស់ប្តូរ​ទិន្នន័យ​ភូមិសាស្ត្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។