ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅតាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប

​នា​ព្រឹក​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០២៣  នៅ​អាជ្ញាធរ​ទន្លេសាប មាន​កិច្ចប្រជុំ​ពិភាក្សា​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន  និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង  ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ​, សៀមរាប និង​ខេត្តកំពង់ធំ​) ដឹកនាំ​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម  អាជ្ញាធរ​ទន្លេសាប និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ ដែលជា​ក្រុមការងារ សរុប​ចំនួន ២៧​រូប ។ 

​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ពិនិត្យ និង​ពិភាក្សា ទៅលើ ៖
១. ផែនទី​តំបន់​៣ ទំហំ​ផ្ទៃដី​ដែល​បាន​កាត់​ឆ្វៀល​ទៅជា​តំបន់ ២  និង​តំបន់ ១ ។​
២. វិធីសាស្ត្រ​ចុះ​សិក្សា​តាមដាន​ត្រួតពិនិត្យ និង​ស្រង់​ទិន្នន័យ​-​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​តំបន់ ៣ តំបន់ ២ និង​តំបន់ ១ បន្ទាប់ពី​ការ​កាត់​ឆ្វៀល​។​
៣. ទម្រង់​របាយការណ៍​ល​ទ្ធ​ផល​បន្ទាប់ពី​ចុះ​សិក្សា​តាមដាន​ត្រួតពិនិត្យ​របស់​ក្រុមការងារ​តាម​តំបន់​នីមួយៗ​ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​បូកសរុប និង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល ពិនិត្យ និង​សម្រេច​
៤. នីតិវិធី​ចុះ​ផ្សព្វផ្សាយ ណែនាំ អំពី​ច្បាប់ បទដ្ឋាន​គតិយុត្ត ព័ត៌មាន គោលនយោបាយ និង​ចំណេះដឹង​ពាក់ព័ន្ធ ដល់​ថ្នាក់ក្រោម​ជាតិ និង​សហគមន៍​មូលដ្ឋាន ស្ថិតក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ។​

​សូមបញ្ជាក់​ជូន​ថា អាជ្ញាធរ​ទន្លេសាប បាន​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ស្ថិតក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ​,  សៀមរាប និង​ខេត្តកំពង់ធំ​)  ដែល​រាជរដ្ឋាភិបាល​បាន​ឆ្វៀល​ចេញពី​ដែន​ព្រៃ​លិច​តំបន់​៣ មក​តំបន់ ២ និង​ពី​តំបន់​២ មក​តំបន់ ១ នៃ​អនុ​ក្រឹ​ត លេខ ១៩៧ អនក្រ​.​បក​ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១ ដែលមាន​ដែន​ទំហំ ៦៤៧,៤០៦​ហិកតា ជូន​ប្រជាពលរដ្ឋ អាស្រ័យ​ផល និង​តាំង​ទីលំនៅ ។ ក្រុមការងារ បាន និង​កំពុង​បន្ត​អនុវត្តន៍​តួនាទី​ភារកិច្ច ក្នុង​ការប្រមូល​ផ្ទៀងផ្ទាត់​ទិន្នន័យ ព័ត៌មាន​ជាក់លាក់ ដើម្បី​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប និង​ធ្វើការ​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​ពី​សារប្រយោជន៍​ធនធានធម្មជាតិ និង​ចូលរួម​កិច្ចការ​ការពារ ធនធានធម្មជាតិ​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព ។​