សកម្មភាព​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​លទ្ធផល​នៃ​ការវាយតម្លៃ​តម្រូវការ​សមត្ថភាព និង​សេចក្តីព្រាង​ផែនការ​ពង្រឹងសមត្ថភាព សម្រាប់​ការគ្រប់គ្រង​បណ្តាញ​តាមដាន​ទន្លេ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ

​រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃ​សុក្រ ៥​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការ ធ្វើ​អាជីវកម្ម និង​អភិរក្ស និង​កញ្ញា ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់ ថ្នាក់ជាតិ ស្តីពី​លទ្ធផល​នៃ​ការវាយតម្លៃ​តម្រូវការ​សមត្ថភាព និង​សេចក្តីព្រាង​ផែនការ​ពង្រឹង សមត្ថភាព សម្រាប់​ការគ្រប់គ្រង​បណ្តាញ​តាមដាន​ទន្លេ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​)​។ សមាសភាព​ចូលរួម​សិក្ខាសាលា អញ្ជើញ​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន ក្រសួង​ធនធានទឹក និង​ឧតុនិយម​, រដ្ឋបាល​ជលផល​, អាជ្ញាធរ​ទន្លេសាប​, គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (CNMC), គណៈកម្មការ​ទន្លេមេគង្គ (MRC) និង​ក្រុម GIZ​។​

​សិក្ខាសាលា បាន​ពិភាក្សា​ពិគ្រោះ​យោបល់ បាន​ផ្តោត​សំខាន់​លើ​៖ 
១. តម្រូវការ​សមត្ថភាព និង​អាទិភាព​នៃ​អ្នកពាក់ព័ន្ធ​លើ​លទ្ធផល​នៃ​ការវាយតម្លៃ​
២. ស្ថាប័ន​ណាខ្លះ​គួរ​អនុវត្តន៍ និង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល និង​គួរ​ទទួលបាន​ការបណ្តុះ​បណ្តាល​អ្វី​
៣. ពិភាក្សា​លើ​បញ្ហា​ប៉ារ៉ាម៉ែត្រ​តាម​ផ្នែក​នីមួយៗ​ពាក់ព័ន្ធ​នឹង ផ្នែក​ជលសា​ស្ត្រ​, ផ្នែក Fisheries, ផ្នែក Sediments, Water Quality, Ecological Health និង​យេនឌ័រ និង​បរិ​យាប​ន្ន​លើ​វិធីសាស្ត្រ​សម្រាប់​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​សមត្ថភាព (CDAP) និង​ការដាក់​ពិន្ទុ​ក្នុង​ការធ្វើ​ចំណាត់ថ្នាក់​អាទិភាព​សម្រាប់​ការគ្រប់គ្រង​បណ្តាញ​តាមដាន​ទន្លេមេគង្គ​ឆ្លងដែន​របស់ MRC ។​

​សូមបញ្ជាក់ថា សិក្ខាសាលា​នេះ​មាន​គោលបំណង ដើម្បី ៖
- ដើម្បី​បង្ហាញ​លទ្ធផល​នៃ​ការវាយតម្លៃ​តម្រូវការ​សមត្ថភាព (CNA) និង​ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​តម្រូវការ​សមត្ថភាព និង​ចន្លោះ​ខ្វះខាត​ដែល​កំណត់ដោយ​ថ្នាក់ជាតិ ។​
- ដើម្បី​បង្ហាញ​និង​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​សមត្ថភាព (CDAP) ។​
- ដើម្បី​ទទួលបាន​មតិ​កែលម្អ និង​អនុសាសន៍​ពី​ប្រទេស​សមាជិក​ចំពោះ (CDAP) ដែល​បានធ្វើ​បច្ចុប្បន្នភាព​។