នាថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធនធានធម្មជាតិ ដឹកនាំដោយ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋាន បានបន្តចុះសិក្សា ស្តីពីបច្ចុប្បន្នភាពប្រព័ន្ធធារាសាស្ត្រ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក និងឃុំគយម៉ែង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ក្នុងសកម្មភាពនេះ ក្រុមការងារបានជួបពិភាក្សា និងសាកសួរព័ត៌មានជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងការចុះដល់ទីតាំងសិក្សា ដើម្បីពិនិត្យស្ថានភាពការប្រើប្រាស់ទឹកពីប្រព័ន្ធស្រោចស្រពខាងលើ និងស្ថានភាពបង្កបង្កើនផលទូទៅរបស់ប្រជាពលរដ្ឋ ។
ជាមួយនឹងសកម្មភាពនេះ ការចុះសិក្សាស្រាវជ្រាវខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម ៖
ទី១. ប្រព័ន្ធធារាសាស្ត្រទំនប់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នអាងអាចស្តុកទឹកបានប្រមាណពី ៣០០-៥០០ លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែស្រូវវស្សា និងស្រូវប្រាំងប្រមាណ ១០ ម៉ឺនហិកតា រួមមានប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព និងប្រឡាយនាំទឹកមានសរុប ១៥ ខ្សែ ប្រវែងសរុប ២០-៣០ គម និងទំនប់បង្ហៀរ ទំនប់សណ្តរ និងសំណង់ទ្វារទឹកស្វ័យប្រវត្តិ ។
ទី២. សំណង់ទំនប់ស្ទាក់ទឹកសិរីមង្គល ស្រុកបង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលអាចរក្សាទឹកបានប្រមាណ ៥០ លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រព ចំនួន ១០.០០០ ហិកតា ។
ទី៣. ទ្វារទឹកនៃអាងត្រពាំងថ្ម គឺត្រូវបានបើក ដើម្បីបង្ហូរទឹកចេញពីអាងមួយចំនួនតូច សម្រាប់បម្រើអោយប្រជាកសិករនៅផ្នែកខាងលើទំនប់ប្រមូលផលស្រូវវស្សា និងបន្តធ្វើស្រែប្រាំង ឬស្រូវដើមរដូវ និងសំណង់ស្ទាក់ទឹកសិរីមង្គលត្រូវបានលិច ។ បច្ចុប្បន្នក្នុងសិក្សានៅមិនទាន់ចាប់ផ្តើមការងារបង្កបង្កើនផលទេ ព្រោះដីស្រែនៅបន្តមានជំនន់ទឹកលិចពី ៣០ ទៅ ៨០ សម ។
ទី៤. អាងត្រពាំងថ្ម ចាប់ផ្តើមសាងសង់ដំបូង នៅឆ្នាំ១៩៧៧ ដោយកម្លាំងមនុស្សរាប់ពាន់នាក់ នារបបខ្មែរក្រហម ដែលអាចមានលទ្ធភាពស្តុកទឹកបានប្រមាណតែ ៥០ លានម៉ែត្រគូប ។ អាងទឹកនេះត្រូវបានចាប់ផ្តើមស្តារឡើងវិញនៅខែសីហា ឆ្នាំ២០០៤ ក្រោមមូលនិធិបដិភាគនៃគម្រោងរបស់រដ្ឋាភិបាលជប៉ុន សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម និងសំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរី ចាប់ផ្តើមសាងសង់នាឆ្នាំ ២០១៨ ។
សូមជម្រាបជូនថា ៖ សកម្មភាពចុះសិក្សា ស្តីពីបច្ចុប្បន្នភាពប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តបន្ទាយមានជ័យ នៃខេត្តទាំង ៦ ជុំវិញតំបន់ទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ របស់ការិយាល័យធនធានទឹកនៃនាយកដ្ឋានធនធានធម្មជាតិ របស់អាជ្ញាធរទន្លេសាប ។
សកម្មភាពខាងលើនេះ មានគោលបំណងដើម្បី ៖
- ប្រមូលព័ត៌មាន ទិន្នន័យ និងបច្ចុប្បន្នភាពស្តីពីប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តទាំង ៦ ជុំវិញតំបន់ទន្លេសាប។
- ពិនិត្យវាយតម្លៃលើការប្រើប្រាស់ទឹក និងគ្រប់គ្រងធនធានទឹក ក្នុងខេត្តទាំង ៦ ជុំវិញតំបន់ទន្លេសាប ។