នាថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ អាជ្ញាធរទន្លេសាប ដឹកនាំដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានបន្តចុះអនុវត្តសកម្មភាពសិក្សាបច្ចុប្បន្នភាពប្រជាសាស្ត្រ និងស្ថានភាពសេដ្ឋកិច្ចសង្គម របស់ប្រជាសហគមន៍នេសាទ ជំហាន១ នៅខេត្តបាត់ដំបង ។
ក្រុមការងារបានជួបជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដូចជា មន្ទីរផែនការ ខេត្តបាត់ដំបង អាជ្ញាធរឃុំព្រែកហ្លួង ស្រុកឯកភ្នំ និងឃុំជ្រៃ ស្រុកមោងឬស្សី ។
ជាមួយនឹងការសិក្សាខាងលើ ជាលទ្ធផលបឋម បានបង្ហាញឃើញថា ៖
ក. ប្រជាសាស្ត្រ៖ មានគ្រួសារសរុបចំនួន ៦,០៨៤គ្រួសារ ស្មើ ២៦,៤៦៧នាក់ (ស្រី ១២,៨២០នាក់) ប្រជាពលរដ្ឋ ១៨ឆ្នាំឡើង ១៦,៩១៥នាក់ (ស្រី ៧,៦៧០នាក់)។ អត្រាភាពក្រីក្រប្រមាណ ២៣% ធៀបទៅនឹងគ្រួសារសរុប និងពលរដ្ឋចំណាកស្រុកក្នុង-ក្រៅប្រទេសមានប្រមាណជា ១៦.៩% ។
ខ. ស្ថានភាពសេដ្ឋកិច្ចសង្គម៖- ប្រជាសហគមន៍ឃុំទាំងពីរ ពឹងផ្អែកលើវិស័យកសិកម្មជាចម្បង មានប្រមាណ ៧៤.៩% ដែលភាគច្រើនធ្វើស្រូវវស្សា ស្រូវប្រាំង និងដំណាំរួមផ្សំ។ មុខរបរចម្បងផ្នែកវិស័យសិប្បកម្ម ០.២៥% និងសេវាកម្ម មានប្រមាណជា ២៤.៨៥% (លក់ដូរនិងជំនួញ ជាងជួសជុល ដឹកជញ្ជូន ស៊ីឈ្នួលក្នុងវិស័យកសិកម្ម កម្មករសំណង់ កម្មកររោងចក្រ បុគ្គលិកអង្គការ និងមន្ត្រីរាជការ) ។
- ប្រជាពលរដ្ឋទទួលបានសេវាសុខភាពល្អប្រសើរមានប្រមាណជា ៩៥% បានទទួលសេវានៅ មណ្ឌលសុខភាព និងក្រៅពីនេះ ពួកគេទៅទទួលសេវាសុខភាពឯកជន និងមន្ទីរពេទ្យខេត្ត។
- ប្រជាសហគមន៍ឃុំទាំងពីរ មានទឹកស្អាតប្រើប្រាស់១០០% ក្នុងនោះមានប្រព័ន្ធទឹកស្អាតមានប្រមាណ ៥៩.២% និងមានតែ ៤០.៨% ប្រើប្រាស់ទឹកស្រះ ទន្លេ អណ្តូង។ ប្រជាពលរដ្ឋគ្រប់គ្រួសារមានការយល់ដឹងបរិភោគទឹកស្អាត និងដាំចម្អិនដាំឆ្អិន ដែលមានគ្រួសារទទួលទានទឹកឆ្លងកាត់ប្រព័ន្ធទឹកស្អាត មានប្រមាណ ៧៥.៧៩% ក្រៅពីនេះ ប្រើប្រាស់ទឹកដាំពុះ និងទឹកសុទ្ធ។ ការប្រើប្រាស់បង្គន់អនាម័យ មានចំនួន ៧៦.៨៥% ប៉ុន្តែមានតែ ៧២.៧% មានបង្គន់អនាម័យស្តង់ដារ ។
គ. បរិស្ថានធនធានធម្មជាតិ៖ បម្រែបម្រួលអាកាសធាតុពីមួយឆ្នាំទៅឆ្នាំ បានបង្កទៅជាគ្រោះមហន្តរាយផ្សេងៗ (គ្រោះរាំងស្ងួត គ្រោះទឹកជំនន់...) ការប្រើប្រាស់ជី/ថ្នាំគីមីក្នុងវិស័យកសិកម្ម បានបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ ជាមួយគ្នានេះសកម្មភាពលបលួចទន្ទ្រានព្រៃលិចទឹកនៅតែមាន និងកត្តាភ្លើងឆេះព្រៃលិចទឹកដែលជាជម្រកត្រីពងកូនតាមរូបភាព ដុតរកសត្វ(ឃ្មុំ និងអណ្តើក) ជាដើម។ សកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅតែមានក្នុងភូមិសាស្ត្រឃុំទាំងពីរ ។
សូមជម្រាបជូនថាៈ សកម្មភាពចុះសិក្សាបច្ចុប្បន្នភាពប្រជាសាស្ត្រ និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាសហគមន៍នេសាទនៅតំបន់ជុំវិញបឹងទន្លេសាប មានគោលបំណង ដើម្បីស្វែងយល់៖
១. ស្ថានភាពសេដ្ឋកិច្ចសង្គមពីជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទលើការប្រើប្រាស់ធនធានធម្មជាតិនៅក្នុងតំបន់បឹងទន្លេសាប
២. ការប្រមូលចងក្រងបច្ចុប្បន្នភាពទិន្នន័យ-ព័ត៌មាន សម្រាប់ជាធាតុចូលក្នុងការរៀបចំឯកសារគោលនយោបាយក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិសម្រាប់ចូលរួមដល់ការគ្រប់គ្រងបឹងទន្លេសាប ប្រកបដោយនិរន្តរភាព ។