រសៀលថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប, ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម, ឯកឧត្តម លឹម ពុយ អនុប្រធាន, ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ, ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង និងមន្ត្រីបច្ចេកទេសក្រោមឱវាទអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បានទទួលជួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការជាមួយ លោក Pascal LAFAILLE នាយកសាលាវិស្វករកសិកម្ម Toulouse និងលោកស្រី Aurore BAISEZ នាយកប្រតិបត្តិនៃអង្គការ Loire Grands Migrateurs (LOGRAMI) នៃប្រទេសបារាំង ។
ក្នុងជំនួបកិច្ចពិភាក្សានេះ ភាគីទាំងពីរ បានលើកបង្ហាញពីបេសកកម្មការងារ កិច្ចការចាំបាច់របស់អង្គភាព និងតម្រូវការនៃការចូលរួមពីភាគីពាក់ព័ន្ធ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងទៅអនាគតនៅតំបន់បឹងទន្លេសាប ។
ជារួមកិច្ចពិភាក្សា បានប្រព្រឹត្តិទៅក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាល និងបានឯកភាពលើ ៣ ចំនុចដូចខាងក្រោម ៖
១. ពិនិត្យឡើងវិញលើខ្លឹមសារអនុស្សារណៈកិច្ចព្រមព្រៀង (MoU) រវាង សាលាវិស្វករកសិកម្ម Toulouse និង អាជ្ញាធរទន្លេសាប ដើម្បីស្នើសុំការអនុម័តជាថ្មីពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប។
២. ការផ្លាស់ប្តូរចំណេះដឹង និងពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប តាមរយៈវគ្គបណ្តុះបណ្តាល និងទស្សនៈកិច្ចសិក្សាស្វែងយល់នៅប្រទេសបារាំង។
៣. ពង្រឹងបច្ចេកទេសសិក្សាស្រាវជ្រាវ រៀបចំរបាយការណ៍បច្ចេកទេស និងការគ្រប់គ្រងព័ត៌មាន-ទិន្នន័យ ។