លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​ដឹកនាំ​ក្រុមការងារ បាន​ចុះ​អនុវត្ត​បញ្ចប់​សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកបដោយ​និរន្តរភាព នៅ​ខេត្តបន្ទាយមានជ័យ​

​នា​ថ្ងៃ​ពុធ ៣ កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​ដឹកនាំ​ក្រុមការងារ ចុះ​អនុវត្ត​បញ្ចប់​សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកបដោយ​និរន្តរភាព ប្រចាំឆ្នាំ​២០២៣​។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន ៖ 
ទី ១. ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី ឃុំ​រហាល និង​ឃុំ​ប្រាសាទ​។​
​ទី ២. ជួបពិភាក្សា​ជាមួយ​សហគមន៍​នេសាទ​ស្ទឹង​កំបុត​មានជ័យ ក្នុង​ឃុំ​រហាល និង​សហគមន៍​នេសាទ​ដង្កៀបក្ដាម​មានជ័យ ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ។​

​សម្រាប់​ការអនុវត្ត​សកម្មភាព​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល បានបង្ហាញ​ឲ្យ​ឃើញថា ៖
១. ស្ថានភាព​សហគមន៍​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ :
- ចំណេះដឹង​របស់​គណៈកម្មកា​រ​សហគមន៍​នេសាទ​ទាំង​២ នៅមានកម្រិត ដែលជា​ផលវិបាក ក្នុងការ​ដឹកនាំ អនុវត្តន៍​ការងារ​អោយមាន​ប្រសិទ្ធភាព​
- កង្វះ​ការចូលរួម​ក្នុងការ​ការពារ អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ ជាពិសេស កម្លាំង​ស្នូល​យុវជន នៅតាម​សហគមន៍​នេសាទ​នីមួយៗ​
- កង្វះ​ការបណ្ដុះបណ្ដាល​សមត្ថភាព​គណៈកម្មការ​សហគម​ន៍​នេសាទ ជាពិសេស បច្ចេកទេស​សំខាន់ៗ ដូចជាៈ ការរៀបចំ​កសាង​ផែនការ​គ្រប់គ្រង​សហគមន៍ របៀប​សរសេរ​របាយ​ការណ៍ និង​សំណើ​គម្រោង​គាំទ្រ​សកម្មភាព​ជាដើម​
-  កង្វះ​ការគាំទ្រ​នូវ​មធ្យោបាយ សម្ភារៈ ធនធាន​ថវិកា សម្រាប់​គាំទ្រ​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​។​

២. ប្រសិទ្ធភាព​ការអនុវត្ត ផែនការ​គ្រប់គ្រង​សហគមន៍ :
-  ការអនុវត្ត​ផែនការ​គ្រប់គ្រង​សហគមន៍​មិនបាន​ពេញលេញ និង​មិន​ឆ្លើយតប​ទៅ នឹង​ទំហំ​ការងារ និង​ការទទួលខុសត្រូវ របស់​គណៈកម្មការ​ស​ហគ​មន៍​
-  ប្រភពធនធាន​ថវិកា សម្រាប់​ការគាំទ្រ​ដំណើរការ​អនុវត្ត​ផែនការ គឺមាន​កម្រិត បើ​ធៀប​ទៅនឹង​ផែនការ​គ្រប់គ្រង​សហគមន៍​ទាំងមូល​
-  កង្វះ​ការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លក្ខណៈ​ស៊ីជម្រៅ​ទៅលើ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​គ្រប់គ្រង​សហគមន៍​ពី​សំណាក់​អ្នកពាក់ព័ន្ធ​។​

​សូម​ជម្រាបជូន​ថា : សកម្ម​ភាពចុះ​សិក្សា​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកបដោយ​និរន្តរភាព ខាងលើនេះ មាន​គោលបំណង​ស្វែងយល់ ៖
- យន្តការ​គន្លឹះ​ក្នុងការ​រៀបចំ​ផែនការ​គ្រប់គ្រង​សហគមន៍​
- ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​នៅតាម​បណ្តា​សហគមន៍​នេសាទ 
- កិច្ចសហការ សម្របសម្រួល ជាមួយនឹង​ស្ថាប័ន​ជំនាញ និង​អ្នកពាក់ព័ន្ធ ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប