លោក សុខ រ៉ា​យ៉ុង ប្រធានការិយាល័យ​អភិរក្ស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ ​ដឹកនាំ​មន្ត្រី​បច្ចេកទេស បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ខេត្តកំពង់ធំ ។​

នា​ថ្ងៃ​ពុធ ៣ កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក សុខ រ៉ា​យ៉ុង ជា​ប្រធានការិយាល័យ​អភិរក្ស របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ស្ថិតនៅក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ 

​ការសិក្សា​ស្រាវជ្រាវ​នេះ ក្រុមការងារ​បាន ៖ 
ទី​១. ជួប​ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់រដ្ឋបាល​ជលផល​ដើម្បី​ដឹង​ពី​បម្រែបម្រួល​ស្ថានភាព​បរិស្ថាន ធនធាន​ជល​ផល មូលហេតុ​នៃ​បម្រែបម្រួល​ទាំងនេះ និង​ស្ថានភាព​ជលសា​ស្ត្រ​។​
ទី​២. ជួប​ជាមួយ​ប្រជា​នេសាទ ដើម្បី​យល់ដឹង​ពី​បរិមាណ​​ផល​នេសាទ បម្រែបម្រួល​ផល​នេសាទ និង​កត្តា​បទល្មើស​ផ្សេងៗ​។ 
ទី​៣. ពិនិត្យ និង​អង្កេត​ផ្ទាល់​ពី​ស្ថានភាព​ទូទៅ​មួយចំនួន​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។​

ជាមួយនឹង​សកម្មភាព​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើនេះ ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​រកឃើញ​នូវ​លទ្ធផល​ដូចខាងក្រោម​៖ 
១. ស្ថានភាព​ទឹកទន្លេ​មាន​លក្ខណៈ​ឡើង​យឺត និង​ទឹកស្អុយ​រយៈពេល​យូរ​ជាង​រាល់​ឆ្នាំ ហើយ​កម្ពស់​ទឹក​ឆ្នាំនេះ​ទាប​ជាង​ឆ្នាំមុន​ជាង ០១​ម៉ែត្រ​។ ស្ថានភាព​នេះ​ធ្វើ​ឲ្យ​ត្រី​មានការ​បន្ត​ពូជ​យឺត និង​លូតលាស់​ធំធាត់​យឺត​ផងដែរ​។​
២. បញ្ហា​អាកាសធាតុ​នៅក្នុង​តំបន់​នេះ​មានការ​ប្រែប្រួល​ខ្លាំង​ដូចជា ការកើនឡើង​កំដៅ ទឹក​កង្វក់​ខ្យល់ព្យុះ ឬ​ខ្យល់​កន្ត្រាក់​តែង​កើតមាន​ជា​ញឹកញាប់ ធ្វើអោយ​ប្រជាជន​នៅក្នុង​តំបន់​នេះ​ពិបាក​ក្នុងការ​រស់នៅ ពិសេស​ប្រជាជន​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​របរ​នេសាទ​។​
៣. មានការ​កើនឡើង​ច្រើន​គួរអោយកត់សម្គាល់ រួមមាន​សត្វ​ស្លាប ពស់ថ្លាន់ ស្វា និង​ភេ​។​
៤. បរិមាណ​ផល​នេសាទ មិនទាន់មាន​ការប្រែប្រួល​ណាមួយ ដែល​អាច​វាយតម្លៃ​ពី​ភាពសម្បូរ ឬ​ខ្សត់​នៅឡើយ ព្រោះ​បច្ចុប្បន្ន​នៅមាន​ភ្លៀង ផ្គរ ស្ទើរ​រាល់ថ្ងៃ ជាហេតុ​ធ្វើអោយ​ត្រី​មិនទាន់​បំលាស់​ទី​ចេញពី​ក្នុងព្រៃ និង​ជម្រក​របស់​វា​ចុះមក​ទន្លេមេគង្គ​តាម​ទន្លេសាប​នៅឡើយ​។​
៥. ប្រជា​នេសាទ​ជាច្រើន​មានការ​ត្អូញត្អែរ​ពី​ការកើនឡើង​នៃ​សត្វ​ភេ ដែល​តែងតែ​មក​ចាប់​ហែក​លប​យក​ត្រី​ធ្វើជា​ចំណី ដែល​ពី​៤ ឬ ៥​ឆ្នាំមុន ស្ទើ​តែ​មិន​ធ្លាប់​ជួបប្រទះ​។​

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។​

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
- ស្វែងយល់​ពី​ស្ថានភាព​បរិស្ថាន និង​ធនធាន​ជលផល​នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។ 
- វាយតម្លៃ​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។ 
- ផ្តល់​ជា​អនុ​សាស​សម្រាប់​កែលម្អ និង​វិធានការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​ដើម្បី​ធានាបាន​នូវ​ការអភិរក្ស អភិវឌ្ឍន៍​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​ឲ្យ​មាន​ភាពប្រសើរឡើង​។