ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ជួប​សំណេះសំណាល និង​ពិភាក្សា​ពង្រឹង​ការងារ​នាយកដ្ឋាន​រដ្ឋ​បាល ផែនការ និង​សហប្រតិបត្តិការ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​

​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន អនុប្រធាន និង​មន្ត្រីក្រោមឱវាទ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុង​នាយកដ្ឋាន ក្នុង​ស្មារតី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប និង​ត្រៀម​រៀបចំ​ឯកសារ​របាយការណ៍​បូកសរុប​ស្តីពី​វឌ្ឍនភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប​ឆ្នាំ ២០២៣ ដើម្បី​ប្រជុំ​ផ្សព្វផ្សាយ​នា​ដើមខែ​មករា ឆ្នាំ ២០២៤ រួមជាមួយ​ការដាក់​ឲ្យ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ និង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ។​

​សូមបញ្ជាក់ថា : អាជ្ញាធរ​ទន្លេសាប ជា​ស្ថាប័ន​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវបាន​បង្កើតឡើង​នា​ឆ្នាំ ២០០៩ ក្រោម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦០៩/៧០៥ ស្ថិតក្រោម​ការដឹកនាំរ​បស់​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ហើយ​ដែលមាន​នាយកដ្ឋាន​ចំនួន ០៤ និង​ការិយាល័យ​ចំនួន ១៤ នៅក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប​។