លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ទស្សនៈកិច្ច​នៅ​តំបន់​ព្រែក​ទាល់ នៃ​គម្រោង​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​អាង​ទន្លេមេគង្គ​ក្រោម​ក្នុងប្រទេស​កម្ពុជា នៅ​ខេត្តសៀមរាប​

​នា​ថ្ងៃ​អង្គារ ១៥ រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​កម្មវិធី​ទស្សនៈកិច្ច​នៅ​តំបន់​ព្រែក​ទាល់ នៃ​គម្រោង​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​អាង​ទន្លេមេគង្គ​ក្រោម​ក្នុងប្រទេស​កម្ពុជា រៀបចំ​ដោយ​ក្រសួងបរិស្ថាន និង​សម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។​

​គោលបំណង​សំខាន់​នៃ​ទស្សនៈកិច្ច ដើម្បី​៖ 
១. ដំណើរ​ទស្សនៈកិច្ច​មជ្ឈមណ្ឌល​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​រ៉ា​ម​សារ​ព្រែក​ទាល់​
២. ដំណើរ​ទស្សនៈកិច្ច​សំបុក​សត្វ​ស្លាប​ទឹកសាប​ក្នុង​តំបន់​អភិរក្ស​រ៉ា​ម​សារ​សត្វ​ស្លាប​ព្រែក​ទាល់ 
៣. ការចុះពិនិត្យ និង​វាយតម្លៃ​សមិទ្ធផល​បញ្ចប់​គម្រោង (​ការជួសជុល​អាគារ បង្គោលព្រំ​អភិរក្ស​តំបន់​រ៉ា​ម​សារ ម៉ាស៊ីន​បូ​ប ទឹក​សម្រាប់​ការងារ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ចល័ត ការបំពាក់​បរិក្ខារ​មួយចំនួន និង​ផែ​ស្នាល​បណ្តុះ​កូនឈើ​ព្រៃ​លិច​ទឹក​) ។​

​សូម​ជម្រាបជូន​ថា ៖ ដំណើរ​ទស្សនៈកិច្ច​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​) និង​មន្ត្រី​តំណាង​ក្រសួងបរិស្ថាន ដោយមាន​ការអញ្ជើញ​ចូលរួម​មកពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (​រដ្ឋបាល​ជលផល​), អាជ្ញាធរ​ទន្លេសាប អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូ និង​មន្ត្រី​ពី​គ​.​ជ​.​ទ​.​ម​.​ក និង​ជំនាញការ​ជាតិ អ្នកចូលរួម​ចំនួន ១៨​រូប​។​

​លទ្ធផល​ទទួលបាន​ពី​ដំណើរ​ទស្សនៈកិច្ច បានផ្តល់​ការយល់ដឹង​ពី​៖  
១. សាវតា​នៃ​ការគ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​ព្រែក​ទាល់ (​រ៉ា​ម​សារ​)​។​
២. ការតាមដាន កត់ត្រា និង ចំណាត់ថ្នាក់​ប្រភេទ​សត្វ​ស្លាប​ជាប្រចាំ​ថ្ងៃ​ពី​មន្ត្រី​អនុរក្ស​ប្រចាំការ​។​
៣. ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ ជលផល និង​ការបង្ក្រាប​បទល្មើស​ក្នុង​តំបន់​ដែន​អភិរក្ស​រ៉ា​ម​សារ​ព្រែក​ទាល់​។​
៤. វិធីសាស្ត្រ ឬ​និតិ​វិធី​វិភាគ​ទិន្នន័យ​សត្វ​ស្លាប​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ស្ថិតិ​កត់ត្រា​ប្រចាំថ្ងៃ ខែ និង​ឆ្នាំ​លើ​ការងារ​បន្លាស់​ទី ចំណី ការបន្ត​ពូជ និង​ប្រភេទ​សត្វ ។