នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប និង
ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលស្តីទី នៃគណៈអភិបាល ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការចុះពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងតំណាងមន្ទីរ អង្គភាពជំនាញ ព្រមទាំងអាជ្ញាធរដែនដីរដ្ឋបាលថ្នាក់មូលដ្ឋានស្រុក និងឃុំពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបង ចំនួនសរុប ៩៤ នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ែល តូនី បានជម្រាបជូនអង្គប្រជុំពីសក្តានុពល និងសារៈសំខាន់នៃបឹងទន្លេសាប និងបញ្ហាប្រឈមដែលបាន និងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បឹងទន្លេសាបនាពេលបច្ចុប្បន្នដោយកត្តាធំៗគឺ កត្តាធម្មជាតិ (បម្រែបម្រួលអាកាសធាតុ) និងកត្តាមនុស្ស។ ក្នុងស្មារតីទទួលខុសត្រូវលើដែនសមត្ថកិច្ចរបស់ខ្លួន អាជ្ញាធរទន្លេសាប ជាសេនាធិការផ្ទាល់ឲ្យរាជរដ្ឋាភិបាល រួមជាមួយភារកិច្ចទទួលខុសត្រូវ ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ជាពិសេស ការចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណង ដើម្បីពិភាក្សាលើចំនុចមួយចំនួន ដូចខាងក្រោម ៖
១- បង្ហាញពីលទ្ធផលសិក្សាស្រាវជ្រាវ របស់ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប
២- ពិភាក្សាលើបញ្ហាពាក់ព័ន្ធ (តំបន់ ១ តំបន់ ២ និងតំបន់ ៣) ជាមួយនឹងមតិយោបល់កែលម្អ
៣- ចែករំលែក និងផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ តំបន់១ តំបន់២ និងតំបន់៣ ក្នុងខេត្តបាត់ដំបង
៤- កិច្ចសហការពីក្រសួង-ស្ថាបន័ជំនាញ ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងខេត្តបាត់ដំបង ក្នុងការចូលរួមការពារ ថែរក្សាធនធានធម្មជាតិ និងបរិស្ថាន តំបន់១ តំបន់២ និងតំបន់៣ នៃតំបន់បឹងទន្លេសាប
៥- ការដាក់ផែនការ/កម្មវិធីចុះអនុវត្តការងារតាមតំបន់ជាក់ស្តែង ក្នុងខេត្តបាត់ដំបង ។
ជាលទ្ធផល បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរមតិយោបល់ប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមក កិច្ចប្រជុំបានឯកភាពគ្នា ដូចខាងក្រោម ៖
1. បន្តកិច្ចសហការរវាងថ្នាក់ខេត្ត មន្ទីរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចុះធ្វើការពិនិត្យផ្ទៀងផ្ទាត់តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក
2. ផ្ទៀងផ្ទាត់ឡើងវិញនូវចំណុចលម្អៀង នៃទិន្នន័យរបស់អាជ្ញាធរទន្លេសាប និងក្រសួង មន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបង
3. ចែករំលែកទិន្នន័យ-ព័ត៌មានរួម និងបច្ចេកទេស រវាងស្ថាប័នពាក់ព័ន្ធ
4. ការដាក់ផែនការ/កម្មវិធីចុះអនុវត្តការងារតាមតំបន់ជាក់ស្តែង ក្នុងខេត្តបាត់ដំបង
5. ទទួលបានការយល់ដឹងពីសកម្មភាព និងការងារស្នូលរបស់អាជ្ញាធរដែនដីក្នុងការចូលរួមអនុវត្តន៍ទប់ស្កាត់ និងការការពារតំបន់ព្រៃលិចទឹក ធនធានជលផល ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងដែនសមត្ថកិច្ចរបស់ខេត្តបាត់ដំបង
6. បន្តអនុវត្តតាមស្មារតីខ្លឹមសារ អនុក្រឹត្យលេខ ១៩៧ ។
គួររម្លឹកផងដែរថា អនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១១ ដែលបានកំណត់ព្រំដែនព្រៃលិចទឹក (តំបន់៣) ក្នុងខេត្តបាត់ដំបង មានចំនួន ១១២ បង្គោល ទំហំផ្ទៃដីដែនព្រៃលិចទឹក (តំបន់៣) សរុបចំនួន ២០៦,៨៥០ហិកតា និងលើកផ្ទាំងប៉ាណូផែនទីបង្ហាញដែនព្រៃលិចទឹកក្នុងតំបន់៣ បានចំនួន ១៩ ផ្ទាំង ។
✓ នៅឆ្នាំ២០២២-២០២៣ រាជរដ្ឋាភិបាល កាត់ឆ្វៀលផ្ទៃដីតំបន់៣ មកតំបន់២ មានចំនួន ១០,៨៣២.៥៧ហិកតា និងពីតំបន់៣ មកតំបន់១ មានចំនួន ១,៣៥៣.៣៤ហិកតា ។
✓ផ្ទៃដីដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ នៅខេត្តបាត់ដំបង បានកែសម្រួលពីទំហំ ២០៦,៨៥០ហិកតា មកនៅត្រឹម ១៩៤,៦៦៤.០៩ហិកតា បន្ទាប់ពីរាជរដ្ឋាភិបាលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋជាកម្មសិទ្ធិ (លំនៅឋាន)ខ្លះ និងអាស្រ័យផលមួយចំនួនរួចមក ។
សូមជម្រាបជូនផងដែរថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ហ៊ែល តូនី បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងទីតាំងដែនដីកាត់ឆ្វៀលនៅចំណុចបង្គោល និងផ្ទាំងប៉ាណូផែនទីបង្ហាញព្រំប្រទល់ព្រៃលិចទឹក បង្គោលលេខ 279, 280, 281, 287, 288, 289, 290 ស្ថិតនៅតំបន់អាងទឹក អាងភាស ក្នុងភូមិគោកដូង ភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ៕