នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្តសៀមរាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រី្តក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណ:អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការចុះពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងក្រុមការងារអាជ្ញាធរទន្លេសាប ព្រមទាំង តំណាងក្រសួងស្ថាប័នពាក់ពន្ធ័ថ្នាក់ជាតិ មន្ទីរ អង្គភាពជំនាញ កងកម្លាំង អាជ្ញាធរដែនដីរដ្ឋបាលថ្នាក់មូលដ្ឋានស្រុក និងឃុំពាក់ព័ន្ធ ក្នុងខេត្តសៀមរាប ចំនួនសរុប ៨៩ នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ែល តូនី បានជម្រាបជូនអង្គប្រជុំពីសក្តានុពល ដ៏មានសារៈសំខាន់នៃបឹងទន្លេសាប និងបញ្ហាប្រឈមដែលបាន និងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បឹងទន្លេសាបនាពេលបច្ចុប្បន្នដោយកត្តាធំៗគឺ កត្តាធម្មជាតិ (បម្រែបម្រួលអាកាសធាតុ) និងកត្តាមនុស្ស។ ក្នុងស្មារតីទទួលខុសត្រូវលើដែនសមត្ថកិច្ចរបស់ខ្លួន អាជ្ញាធរទន្លេសាប ជាសេនាធិការឲ្យរាជរដ្ឋាភិបាល រួមជាមួយភារកិច្ចទទួលខុសត្រូវ ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ជាពិសេសការចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានរៀបចំកិច្ចប្រជុំពិភាក្សានេះឡើង មានគោលបំណង ដើម្បីពិភាក្សាលើចំនុចមួយចំនួន ដូចខាងក្រោម ៖
១- បង្ហាញពីលទ្ធផលសិក្សាស្រាវជ្រាវ របស់ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប
២- ពិភាក្សាលើបញ្ហាពាក់ព័ន្ធ (តំបន់ ១ តំបន់ ២ និងតំបន់ ៣)
៣- ចែករំលែក និងផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ តំបន់១ តំបន់២ និងតំបន់៣ ក្នុងខេត្តសៀមរាប
៤- រួមសហការជាមួយក្រសួង-ស្ថាប័នមន្ទីរជំនាញពាក់ពន្ធ័ ថ្នាក់ដឹកនាំខេត្ត កងកម្លាំង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្នុងការចូលរួមការពារ ថែរក្សាធនធានធម្មជាតិ និងបរិស្ថាន តំបន់១ តំបន់២ និងតំបន់៣ នៃតំបន់បឹងទន្លេសាប
៥- ដាក់ផែនការ/កម្មវិធីចុះអនុវត្តការងារតាមតំបន់ជាក់ស្តែង ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
សូមរម្លឹកផងដែរថា អនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១១ ដែលបានកំណត់ដែនព្រៃលិចទឹក (តំបន់៣) ក្នុងភូមិសាស្ត្រខេត្តសៀមរាប មាន ២៩៤ បង្គោល ទំហំផ្ទៃដីដែនព្រៃលិចទឹក (តំបន់៣) សរុបចំនួន: ១២៦,៨៤៥ ហិកតា លើកផ្ទាំងប៉ាណូផែនទីបង្ហាញដែនព្រៃលិចទឹកតំបន់៣ បានចំនួន: ១២ ផ្ទាំង និងបានបោះបង្គោលប្រវត្តិសាស្ត្រចំនួន ៦ បង្គោល ។
- នៅឆ្នាំ២០២២-២០២៣ រាជរដ្ឋាភិបាល កាត់ឆ្វៀលផ្ទៃដីពីតំបន់៣ មកតំបន់១ មានចំនួន: ៦៤០.៤១ហិកតា និងពីតំបន់៣ មកតំបន់២ មានចំនួន: ២៣,៧៩៥.១៣ ហិកតា ។
- ផ្ទៃដីដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ នៅខេត្តសៀមរាប បានកែសម្រួលពីទំហំ ១២,៨៤៥ ហិកតា មកនៅសល់ចំនួន ១០២,៤៤៤.៤៦ ហិកតា បន្ទាប់ពីរាជរដ្ឋាភិបាលកាត់ឆ្វៀលជូនប្រជាពលរដ្ឋប្រើប្រាស់ជាលំនៅឋាន និងអាស្រ័យផល។
បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរមតិយោបល់ប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមក កិច្ចប្រជុំបានឯកភាពគ្នា ដូចខាងក្រោម ៖
1. បន្តកិច្ចសហការរវាងថ្នាក់ខេត្ត មន្ទីរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចុះធ្វើការពិនិត្យផ្ទៀងផ្ទាត់តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក
2. ផ្ទៀងផ្ទាត់ឡើងវិញនូវចំណុចលម្អៀង នៃទិន្នន័យរបស់អាជ្ញាធរទន្លេសាប និងក្រសួង មន្ទីរជំនាញពាក់ព័ន្ធ
3. ចែករំលែកទិន្នន័យ-ព័ត៌មានរួម និងបច្ចេកទេស រវាងស្ថាប័នពាក់ព័ន្ធ
4. ការដាក់ផែនការ/កម្មវិធីចុះអនុវត្តការងារតាមតំបន់ជាក់ស្តែង
5. ទទួលបានការយល់ដឹងពីសកម្មភាព និងការងារស្នូលរបស់អាជ្ញាធរដែនដីក្នុងការចូលរួមអនុវត្តន៍ទប់ស្កាត់ និងការការពារតំបន់ព្រៃលិចទឹក ធនធានជលផល ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងដែនសមត្ថកិច្ច
6. បន្តអនុវត្តតាមស្មារតីខ្លឹមសារ អនុក្រឹត្យលេខ ១៩៧ ។