នាថ្ងៃព្រហស្បតិ៍ ១កើត ដល់ថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោកស្រី ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការបំពុលប្លាស្ទិកក្នុងទន្លេនៅប្រទេសកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដែលរៀបចំដោយអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថានសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNEP)។
គោលបំណងសំខាន់ នៃសិក្ខាសាលាពិគ្រោះយោបល់៖
១. លើកកម្ពស់ការយល់ដឹង ដល់ មន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធលើការអនុវត្តអនុសញ្ញាបាសែល ដើម្បីទប់ស្កាត់ការបំពុលសំណល់ប្លាស្ទិកក្នុងទន្លេ សំដៅចូលរួមដល់ការការពារសុខភាពសារធារណៈ និងកិច្ចគាំពារបរិស្ថានតាមរយៈការចែករំលែកព័ត៌មានស្តីពីលទ្ធផលនៃការសិក្សាការវាយតម្លៃការបំពុលប្លាស្ទិកក្នុងទន្លេ និងការគ្រប់គ្រងសំណល់រឹងនៅកម្ពុជា និងបទបង្ហាញសេចក្តីណែនាំសង្ខេបអំពីទម្រង់ និងការរចនានៃការរៀបចំឯកសារសំណើគម្រោង ស្ថានភាពម្ចាស់ជំនួយជាតិនៅកម្ពុជាដែលអាចស្នើសុំថវិកាពីធនាគារ និងគំនិតផ្តួចផ្តើមស្តីពីការតាមដានការបំពុលប្លាស្ទិកក្នុងទន្លេ
២. ការពិភាក្សា ពិគ្រោះយោបល់លើ (i) ឧបករណ៍ និងវិធីសាស្ត្រសម្រាប់ការវាយតម្លៃប្លាស្ទិក និងផែនការការងារដើម្បីឲ្យប្រសើរឡើងនូវការវាយតម្លៃ និងការតាមដានការបំពុលប្លាស្ទិកនៅក្នុងទន្លេ ព្រមទាំងលើ (ii) សកម្មភាពគម្រោងដែលមានសក្តានុពលសម្រាប់គម្រោងដែលអាចស្នើសុំថវិកាពីធនាគារនៅកម្ពុជា ។
ជាលទ្ធផលនៃអង្គសិក្ខាសាលាពិគ្រោះ សិក្ខាកាមដែលបានអញ្ជើញមកពីក្រសួង ស្ថាប័ន NGOs និងវិស័យឯកជនពាក់ព័ន្ធ បានផ្តល់ធាតុចូលបន្ថែមជាច្រើនដល់គម្រោងក្នុងការរៀបចំបង្កើតសកម្មភាពគម្រោងក្នុងការតាមដានលើការបំពុលប្លាស្ទិកក្នុងទន្លេ ការចូលរួមការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ព្រមទាំងវិធានការការពារការបំពុលប្លាស្ទិកនៅក្នុងទន្លេ។
សូមជម្រាបជូនថា ៖ សិក្ខាសាលាបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមមកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងNGOs រួមមាន MoE, MISTI, MoP, MoC, MoH, MoT, TSA , UNEP, UNDP, GIZ, JICA នៅ MoE, EPA, iDE, GRID-ARENDAL, Eco-bricks, TONTOTON, ROC, RUPP, RUA និងមន្ត្រីពីអគ្គនាយកគាំពារបរិស្ថានសរុបអ្នកចូលរួមចំនួន ៣៥ រូប (ស្រី ១៤រូប)។