ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ​វាយតម្លៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២៣ ពិនិត្យ​វឌ្ឍនភាព​ការងារ​អាជ្ញាធរ​ទន្លេសាប​ឆ្នាំ​២០២៣

​នា​រសៀល​ថ្ងៃ​អង្គារ ៦ កើត ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមករា ឆ្នាំ ២០២៤ នៅ​សាលប្រជុំ​ទីស្តីការក្រសួង ក្រោម​អធិបតីភាព ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​កិត្តិយស​បើក​កិច្ចប្រជុំ​វាយតម្លៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២៣ ពិនិត្យ​វឌ្ឍនភាព​ការងារ​អាជ្ញាធរ​ទន្លេសាប​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​បន្ត​អនុវត្តន៍​សម្រាប់​ឆ្នាំ​២០២៤ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អនុប្រធាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង លោក​ទីប្រឹក្សា លោក​-​លោកស្រី ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប មាន​ចំនួន​សរុប ៦១​រូប ។​

​ក្នុងឱកាស​បើក​កិច្ចប្រជុំ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​មានមតិ​សំណេះសំណាល និង​ណែនាំ​អំពី​ការងារ​ចំពោះមុខ ដែល​បានកំណត់​ពី​បេសកកម្ម​ស្នូល និង​ការទទួលខុសត្រូវ​រប​ស់​អាជ្ញាធរ​ទន្លេសាប និង​បាន​គូសបញ្ជាក់​ជា​អង្គភាព​ថ្នាក់ជាតិ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ពហុ​វិស័យ​ស្ថិតក្នុង​ដែន​វិសាលភាព​បឹង​ទន្លេសាប ក្នុងតួនាទី ភារកិច្ច លើ​ការសិក្សា​ស្រាវជ្រាវ និង​សម្របសម្រួល សម្រាប់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ បរិស្ថាន និង​សេដ្ឋកិច្ចសង្គម​តំបន់​បឹង​ទន្លេសាប​ប្រកបដោយ​និរន្តរភាព​។​

​ទន្ទឹមគ្នា​នេះដែរ ឯកឧត្តម​ប្រធាន អាជ្ញាធរ​ទន្លេសាប បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការអនុវត្ត​ការងារ​ឱ្យ​កាន់តែ​សកម្ម ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​ថែមទៀត ដោយ​ធ្វើយ៉ាងណា​ឲ្យ​លេចចេញ​ជា​សមិទ្ធផល របស់​ស្ថាប័ន​អាជ្ញាធរ​ទន្លេសាប ដែល​អាច​យកទៅ​ប្រើប្រាស់​បាន និង​ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ការរៀបចំ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ គាំទ្រ​ដល់​កម្មវិធី​ឬ​គម្រោង​នានា និង​សម្រាប់​ជា​មូលដ្ឋាន​សំខាន់​ដល់​អ្នកសិក្សា​ស្រាវជ្រាវ ។ 

​ក្រោយពី​ឯកឧត្តម​ប្រធាន អាជ្ញាធរ​ទន្លេសាប បានធ្វើ​ការណែនាំ និង​ផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​មួយចំនួន​នៅក្នុង​ការបើក​កិច្ចប្រជុំ​នា​រសៀល​នេះ ឯកឧត្តម​ប្រធាន ក៏បាន​ប្រគល់ជូន​នូវ សៀវភៅ​ផែនការ​យុទ្ធសាស្ត្រ រយៈពេល ៥ ឆ្នាំ របស់​អាជ្ញាធរ​ទន្លេសាប (២០២៤-២០២៨) ដើម្បី​ធ្វើជា​ត្រីវិស័យ​ក្នុង​ដំណើរការ​ការអនុវត្ត និង​ចូលរួមចំណែក​គាំទ្រ​លើកកម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី ៧ ។​

​បន្ទាប់​ពីបទ​បង្ហាញ និង​កិច្ចពិភាក្សា​វឌ្ឍនភាព​នៃ​ការអនុវត្តន៍​ផែនការ​សកម្មភាព​ឆ្នាំ​២០២៣  របស់​ថ្នាក់ដឹកនាំ និង​នាយកដ្ឋាន​ទាំង ៤ រួចមក  ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ ក៏បាន​លើក​បង្ហាញ​ពី​ទិសដៅ​សម្រាប់​អនុវត្តន៍​នៅក្នុង​ឆ្នាំ​២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ក្នុងការ​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ របស់​អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ ឲ្យ​សម្រេចបាន​ជោគជ័យ ដែល​ក្នុងនោះ​មាន​សកម្មភាព​សរុប​មាន​ចំនួន ២៨ សកម្មភាព ផ្តោតលើ​អន្តរ​វិស័យ​ក្នុង​ដែន​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍ បរិស្ថាន​ធនធានធម្មជាតិ នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​បាន​យក​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដូចខាងក្រោម​៖

1. ចុះ​សិក្សា​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ​ច្បាស់លាស់ និង​ធ្វើ​ការវិភាគ​
2. រៀបចំ​ចងក្រង​បោះពុម្ព​សមិទ្ធផល​ដែល​រកឃើញ​
3. ធ្វើការ​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​ទិន្នន័យ​។ 

​ក្នុងឱកាស​បូកសរុប​កិច្ចប្រជុំ​នេះ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប បានផ្តល់​មតិ​ណែនាំ​បន្ថែម ផ្តោត​សំខាន់​ទៅលើ​៖
- បង្កើន​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​សាកលវិទ្យាល័យ​ក្នុងស្រុក លើ​ការសិក្សា​ស្រាវជ្រាវ និង​ចែករំលែក​របកគំហើញ​ពី​ការសិក្សា​ស្រាវជ្រាវ​
- បង្កើន​ការយកចិត្តទុកដាក់​លើ​ប្រសិទ្ធភាព​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល និង​ជា​ឯកសារ​រង​(​ទស្សនា​វ​ដ្តី ខិតប័ណ្ណ ...)
- ពិនិត្យ​លើ​ការលើក​ផែនការ​សកម្មភាព​អន្តរ​វិស័យ​ឆ្នាំ​២០២៤ ត្រូវអនុវត្ត​សិក្សា​រួមគ្នា​រវាង​នាយកដ្ឋាន​ជំនាញ​នៃ​អគ្គលេខាធិការដ្ឋាន ។