នៅថ្ងៃអង្គារ ១៣កើត ដល់ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ ក្រុមការងារចុះពិនិត្យតាមដាន ចុះពិនិត្យដែនព្រៃលិចទឹក និងព្រៃលិចទឹក ប្រចាំមុខព្រួញផ្លូវជាតិលេខ៦ ដឹកនាំដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានចុះតាមដានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ និយាមកាបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកស្ថិតនៅឃុំចំណារក្រោម ឃុំសំព្រោច និងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ តាមស្មារតីអនុក្រឹត្យលេខ ១៩៧ អនក្រ.បក។
ដំណើរការ និងលទ្ធផលរបស់ក្រុមការងារសម្រេចបាន៖
- ជួបប្រជុំផ្សព្វផ្សាយ អំពីដំណើរការ និងគោលបំណងនៃបេសកកម្មរបស់ក្រុមការងារ បានចុះអនុវត្តផ្ទាល់ដល់ទីតាំង និងបានពិភាក្សាការងារជាមួយ តំណាងរដ្ឋបាលខេត្តកំពង់ធំ អភិបាល-អភិបាលរងស្រុកស្ទោង មេបញ្ជាការ-មេបញ្ជាការរងស្រុកស្ទោង អធិការ-អធិការរងស្រុកស្ទោង ប្រធានការិយាល័យច្រកចេញចូលតែមួយ នាយសង្កាត់ជលផលស្រុកស្ទោង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានស្តីទីការិយាល័យនីតិកម្ម និងមេឃុំ-ក្រុមប្រឹក្សាទាំង ៤ឃុំ។
- ចុះដល់ទីតាំង និងពិនិត្យស្ថានភាពបង្គោលព្រំតំបន់៣ នៅឃុំចំណារក្រោម ឃុំសំព្រោច និងឃុំម្សាក្រង។
- ចុះពិនិត្យផ្ទៃដីដែលប្រជាពលរដ្ឋកំពុងអាស្រ័យផល ស្ថិតនៅអាងទឹកសហគមន៍ ៣ ភូមិ ស្ថិតនៅឃុំចំណារក្រោម មានប្រជាពលរដ្ឋមកពីភូមិត្រពាំងជ័រ ភូមិក្លិន ភូមិប្រាសាទ នៃឃុំចំណារលើ, ភូមិស្ពានក្រង ភូមិសណ្តាន់ ភូមិនាងណយ នៃឃុំចំណារក្រោម ។
- បានចុះដល់ចំនុចផ្តៅពេន និងចំនុចត្រពាំងក្រប៉ៅ មានប្រជាពលរដ្ឋទាំងអស់មកពីភូមិសំបួរត្បូង និងភូមិបត់ត្រង់ ឃុំម្សាក្រង ។
ជាការកត់សំគាល់៖
- បង្គោលព្រំ ដែនព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងឃុំចំណារក្រោម ឃុំសំព្រោចនិងឃុំម្សាក្រង បានបោះចំទីតាងនិងត្រង់ល្អភាគច្រើន។
- ផ្ទៃដីក្នុងដែនព្រៃលិចទឹកតំបន់ ៣ នៅតែមានប្រជាពលរដ្ឋមួយចំនួន បន្តចូលទៅទន្ទ្រាន នៅតំបន់ខ្លះ ទោះបីមានការហាមឃាត់តឹងរឹងពីអាជ្ញាធរស្រុកស្ទោងក៏ដោយ ។
សូមជម្រាបជូនថា ៖ សកម្មភាពចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកនៅភូមិសាស្ត្រខេត្តកំពង់ធំ ក្រុមការងារជំនាញបច្ចេកទេសដឹកនាំដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាបនឹងបន្តចុះសិក្សាបន្ថែមទៀតរហូតបញ្ចប់តាមផែនការគ្រោងទុក ។
សកម្មភាពខាងលើនេះ មានគោលបំណងសំខាន់ដើម្បី ៖
- តាមដាន ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់និយាមកាបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់ ៣
- សហការសម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីចុះអធិការកិច្ចលើរាល់គ្រប់សកម្មភាពពាក់ព័ន្ធដែនព្រៃលិចទឹក និងព្រៃលិចទឹក
- ពិនិត្យ ជួសជុល និងថែទាំ ឬ ដាំបង្គោលព្រំ និងស្លាកសញ្ញាការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក
- ចូលរួមគ្រប់សកម្មភាពការពារធនធានធម្មជាតិ ពិសេសព្រៃលិចទឹក និងដែនព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕