នៅថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ ក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ប្រចាំមុខព្រួញផ្លូវជាតិលេខ ៥ ដឹកនាំដោយ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានចុះនៅក្នុងភូមិសាស្ត្រ ឃុំអន្សាចំបក់ ក្បាលត្រាច កំពង់លួង អន្លង់ត្នោត ស្នាអន្សា អូរសណ្តាន់ និងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ តាមស្មារតីអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ។
ដំណើរការ និងលទ្ធផលរបស់ក្រុមការងារសម្រេចបាន ៖
- ជួបប្រជុំផ្សព្វផ្សាយ អំពីដំណើរការ និងគោលបំណងនៃបេសកកម្មរបស់ក្រុមការងារ និងផែនការចុះអនុវត្តផ្ទាល់ដល់ទីតាំង ដោយមានកិច្ចសហការចូលរួមពីរដ្ឋបាលស្រុក-ឃុំ មន្ទីរធនធានទឹក និងឧតុនិយម សង្កាត់រដ្ឋបាលជលផល រួមនឹងកម្លាំងកងរាជអាវុធហត្ថ និងអធិការដ្ឋាននគរបាលស្រុក ខេត្តពោធិ៍សាត់ និងបានធ្វើកំណត់ហេតុលើលទ្ធផលចុះអធិការកិច្ចនេះ ព្រមទាំងបានចាក់សារសំឡេង របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងអង្គប្រជុំ ។
- ចុះដល់ទីតាំង និងពិនិត្យស្ថានភាពដីដែលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ។
- ចុះពិនិត្យផ្ទៃដីដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ និងអាស្រ័យផល នៅក្នុងតំបន់ ៣ ។
- ចុះពិនិត្យដែនព្រៃលិចទឹកក្នុងតំបន់ ៣ ដែលមានការទន្ទ្រាន នៅក្នុងតំបន់ ៣ ។