នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ប្រចាំមុខព្រួញផ្លូវជាតិលេខ ៥ ដឹកនាំដោយ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានចុះនៅក្នុងភូមិសាស្ត្រ ឃុំព្រែកហ្លួង ព្រែកនរិន្ទ និងឃុំពាមឯក ស្រុកឯកភ្នំ, ឃុំបឹងព្រីង ជ្រោយស្តៅ តាម៉ឺន និងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង តាមស្មារតីអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ។
ដំណើរការ និងលទ្ធផល របស់ក្រុមការងារសម្រេចបាន ៖
- ជួបប្រជុំផ្សព្វផ្សាយ អំពីដំណើរការ និងគោលបំណងនៃបេសកកម្មរបស់ក្រុមការងារ និងផែនការចុះអនុវត្តផ្ទាល់ដល់ទីតាំង ដោយមានកិច្ចសហការចូលរួមពីរដ្ឋបាលស្រុក-ឃុំ មន្ទីរធនធានទឹក និងឧតុនិយម ភូមិបាលស្រុក សហគមន៍នេសាទ រួមនឹងកម្លាំងកងរាជអាវុធហត្ថ សឹករង វរសេនាតូចលេខ៣ និងអធិការដ្ឋាននគរបាលស្រុក ខេត្តបាត់ដំបង និងបានធ្វើកំណត់ហេតុលើលទ្ធផលចុះអធិការកិច្ចនេះ ។
- ចុះដល់ទីតាំង និងពិនិត្យស្ថានភាពដីដែលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ។
- ចុះពិនិត្យផ្ទៃដីដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ និងអាស្រ័យផល នៅក្នុងតំបន់ ៣ ។
- ចុះពិនិត្យដែនព្រៃលិចទឹកក្នុងតំបន់ ៣ ដែលមានការទន្ទ្រាន នៅក្នុងតំបន់ ៣ ។