លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ​បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ស្តីពី បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​

​កាលពី​ថ្ងៃ​អង្គារ ៤​កើត ដល់ ថ្ងៃ​សៅរ៍ ៨​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៣ ដល់ ១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ​បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ស្តីពី បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ នៅ​តំបន់​ចុង​ឃ្នៀ​ស ខេត្តសៀមរាប និង តំបន់​ព្រែក​ទាល់ ខេត្តបាត់ដំបង ។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើ​លើ ៖ 
ទី ១/. សម្ភាសន៍​ប្រជា​នេសាទ​ដើម្បី​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ពី​ការប្រើប្រាស់​ប្រភេទ​ឧបករណ៍​នេសាទ​នៅ​តំបន់​សិក្សា​
​ទី​២/. ប្រមូល​សំណាក​ត្រី និង​ធនធាន​ក្រៅពី​ត្រី​, កត់ត្រា​ទីតាំង​នេសាទ (X,Y), វាស់​ជម្រៅ​ទឹក​នៅតាម​តំបន់​នេសាទ​នីមួយៗ​, វាស់​គុណភាព​ទឹក​បឋម និង​ពិនិត្យ​លើ​លំនៅដ្ឋាន​ធនធាន​ជលផល​នៅ​រដូវប្រាំង ។​

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ខាងលើ និង​តំបន់​ពាក់ព័ន្ធ ជា​លទ្ធផល​បឋម​បង្ហាញថា ៖ 
១. រកឃើញ​ប្រភេទ​ត្រី​ចំនួន ៣៥ ប្រភេទ តាមរយៈ​ការនេសាទ​ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ចំនួន ២ ប្រភេទ គឺ​ឧបករណ៍​មង​រាយ និង​បរ ។​
២. ធនធាន​ក្រៅពី​ត្រី​មាន​ចំនួន  ៦ ប្រភេទ និង​ការប្រើប្រាស់​ធនធាន​ត្រី​សម្រាប់​វារីវប្បកម្ម​នៅក្នុង​តំបន់​សិក្សា ។​
៣. ការ​វាស់​សំណាក​គុណភាព​ទឹក​ដោយ​ឧបករណ៍​ស្វ័យប្រវត្តិ​នៅតាម​តំបន់​សិក្សា រួមមាន​៖ កម្រិត​ភាព​ថ្លា​នៃ​ទឹក​, អុកស៊ីសែន​រលាយ​ក្នុង​ទឹក​(DO), ប៉េហាស (pH), កម្រិត​កម្ពស់​ទឹក​, សីតុណ្ហភាព​ទឹក​បឹង និង​កម្រិត​ស្លែ និង​កករ​របស់​ទឹក​បឹង ព្រមទាំង​ការពិនិត្យ​ភាពសម្បូរ​នៃ​ប្លង់តុង (​ប្លង់តុង​រុក្ខជាតិ និង​ប្លង់តុង​សត្វ​) ។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ស្តីពី បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៤ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ។​

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
- តាមដាន និង​វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ​ក្នុង​ទីតាំង​សិក្សា​
- បច្ចុប្បន្នភាព​ប្រភេទ និង​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល​តាម​ប្រភេទ​ទីជម្រក ចំណី និង​បរិស្ថាន​ទឹក (​វាយតម្លៃ​បឋម​លើ​គុណភាព​ទឹក​តាម​ទីតាំង​ចុះ​សិក្សា​) 
- វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​នៅតាម​ដង​ទន្លេសាប (​កណ្តាល​-​ភ្នំពេញ​-​កំពង់ឆ្នាំង​) នៅ​ឡូ​តិ៍​ដាយ​ត្រី និង​តំបន់​ពាក់ព័ន្ធ​
- វាយតម្លៃ​លើ​ការ​បន្លាស់​ទី​ធនធាន​ជលផល​តាម​ស្ទឹង និង​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី និង​ក្រៅពី​ត្រី ។